(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បានណែនាំនៅថ្ងៃអង្គារសប្តាហ៍នេះថា ប្រទេសជាច្រើននៅលើពិភពលោកនេះ នៅមិនទាន់មើលឃើញ «ចំណុចកំពូល» របស់ពួកគេ ជុំវិញការរាតត្បាតវីរុស COVID-19 បំប្លែងថ្មី អូមីក្រុង (Omicron) នៅឡើយទេ, ដូច្នេះពួកគេគួរតែធ្វើការដកវិធានការរឹតត្បិត ដោយសន្សឹមៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃពុធ ទី០២ ខែកុម្ភៈ ឆ្នាំ២០២២។

លោកស្រី ម៉ារៀ វ៉ាន កឺខូវ (Maria Van Kerkhove) អ្នកជំនាញផ្នែកវីរុសនៃ WHO បានថ្លែងតាមរយៈវេទិកាអនឡាញថា «យើងកំពុងជំរុញឲ្យមានការប្រុងប្រយ័ត្ន ព្រោះប្រទេសជាច្រើន នៅមិនទាន់ឆ្លងផុតចំណុចកំពូល (នៃការឆ្លងរាតត្បាតអូមីក្រុង) នៅឡើយទេ។ ប្រទេសជាច្រើនទៀត នៅតែមានអត្រាចាក់វ៉ាក់សាំងកម្រិតទាប ហេតុដូច្នេះប្រជាជនងាយរងគ្រោះ របស់ប្រទេសទាំងនោះ ក៏មានចំនួនច្រើនផងដែរ។ បច្ចុប្បន្ននេះមិនមែនជាពេលដែលត្រូវដក ការរឹតត្បិតគ្រប់យ៉ាងក្នុងពេលតែមួយនោះឡើយ... គួរធ្វើវាដោយយឺតៗ»

គួរបញ្ជាក់ថា ការប្រកាសរបស់ WHO ខាងលើនេះបានកើនមានឡើង បន្ទាប់ពីដាណឺម៉ាកបានក្លាយជាប្រទេសមុនគេ នៅក្នុងសហភាពអឺរ៉ុប ដែលបានដកការរិតត្បិតប្រឆាំង COVID-19 ចេញវិញ «ទាំងអស់» កាលពីថ្ងៃទី០១ ខែកុម្ភៈ ហើយដែលប្រការនេះ បាននាំឲ្យគេមើលឃើញថា ប្រទេសផ្សេងៗអាចនឹងធ្វើតាម។ ជុំវិញបញ្ហានេះ មន្ត្រីជាន់ខ្ពស់ WHO បានជំរុញឲ្យប្រទេសនានា គូសវាសតារាងដែលត្រូវដើរដោយខ្លួនពួកគេផ្ទាល់ ដើម្បីរកច្រកចេញពីជំងឺរាតត្បាតសកល ដោយមិនត្រូវដើរតាមជំហាន នៃការបន្ធូរបន្ថយរបស់ប្រទេសដទៃ ទាំងងងឹតងងុលនោះឡើយ៕