(ប៉េកាំង)៖ ពិធីបើកជាផ្លូវការនៃការប្រកួតកីឡាអូឡាំពិករដូវរងាលើកទី២៤ នឹងត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ នាទីក្រុងប៉េកាំង ប្រទេសចិន។ ទីក្រុងប៉េកាំងនឹងក្លាយជាទីក្រុងដំបូងបង្អស់នៅក្នុងប្រវត្តិសាស្រ្ត ដែលបានធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអូឡាពិករដូវក្ដៅ និងការប្រកួតកីឡាអូឡាំពិករដូវរងា។

អត្តពលិកប្រហែល៣០០០នាក់ មកពីប្រទេសប្រហែល៩០ នឹងចូលរួមប្រកួតប្រជែងលើវិញ្ញាសាកីឡា ១០៩ផ្សេងៗគ្នា ដែលនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។ ការទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាពិភពលោកបែបនេះ ពិតជានាំមកនូវមោទកភាពជូនប្រទេសម្ចាស់ផ្ទះ ប៉ុន្តែ ទន្ទឹមនឹងនោះ វាក៏នាំមកនូវបន្ទុកនិងបញ្ហាប្រឈមផងដែរ។

ការត្រៀមរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំបែបនេះ ពិតជាមានលក្ខណៈស្មុគ្រស្មាញ និងទាមទារនូវធនធានសម្ភារៈបច្ចេកទេស ហិរញ្ញវត្ថុ និងធនធានមនុស្ស ដ៏ច្រើនសន្ធឹកសន្ធាប់។ ដោយមានធនធានគ្រប់គ្រាន់ និងបទពិសោធន៍ដែលទទួលបានពីការរៀបចំ ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅឆ្នាំ២០០៨ ព្រមជាមួយ នឹងការប្ដេជ្ញាចិត្តដ៏មោះមុតពីរដ្ឋាភិបាលចិន និងការគាំទ្រពេញទំហឹងពីសាធារណជនចិន រហូតមកដល់ពេលនេះ យើងសង្កេតឃើញថាប្រទេសចិន បានត្រៀមខ្លួនរួចរាល់បានយ៉ាងល្អសម្រាប់ព្រឹត្តិការណ៍កីឡាពិភពលោកនេះ។

ក៏ប៉ុន្តែ នៅពេលព្រឹត្តិការណ៍ប្រកួតកីឡានេះជិតចាប់ផ្ដើម យើងក៏សង្កេតឃើញនូវការលេចឡើងនូវបញ្ហាប្រឈមថ្មីៗសម្រាប់ប្រទេសចិនផងដែរ។ ការលេច ឡើងនូវមេរោគកូវីដ-១៩ ប្រភេទថ្មី អូមីក្រុង ដែលបានរីករាលដាលនៅទូទាំងពិភពលោក កំពុងបង្កការគំរាមកំហែងជាថ្មីដល់ការរៀបចំព្រឹត្តិការណ៍កីឡា ពិភពលោកនេះ។ ក៏ប៉ុន្តែ បទពិសោធន៍ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ នាពេលកន្លងទៅ និងអត្រាចាក់វ៉ាក់សាំងដ៏ខ្ពស់ ក្នុងចំណោមប្រជាជនចិននឹងជួយ ប្រទេសចិនជំនះបញ្ហាប្រឈមនេះដោយជោគជ័យ។

បញ្ហាប្រឈមចម្បងមួយទៀតសម្រាប់ចិន គឺការធ្វើនយោបាយតូបនីយកម្មព្រឹត្តិការណ៍កីឡាពិភពលោកនេះ ដោយប្រទេសមួយចំនួនតូច។ នៅមុនពេល ការប្រកួតកីឡាពិភពលោកនេះចាប់ផ្ដើម សហរដ្ឋអាមេរិក បានដឹកនាំធ្វើយុទ្ធនាការពហិកាការទូតប្រឆាំងនឹងការរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងានៅក្នុង ប្រទេសចិន ដោយបានប្រកាសថាខ្លួននឹងមិនបញ្ជូនមន្ត្រីជាន់ខ្ពស់ ឬគណៈប្រតិភូផ្លូវការទៅចូលរួមនោះឡើយ។ សម្ព័ន្ធមិត្តមួយចំនួនរបស់សហរដ្ឋអាមេរិក ដូចជាអង់គ្លេស កាណាដា អូស្រ្តាលី និងប្រទេសមួយចំនួនទៀតនៅទ្វីបអឺរ៉ុប ក៏បានប្រកាសចូលរួមក្នុងពហិកាការទូតនេះផងដែរ។

ស្ថានភាពសិទ្ធិមនុស្ស ជាពិសេស ស្ថានភាពរបស់ជនជាតិវៃវូអឺនៅខេត្តស៊ីនជាំង ត្រូវបានគេប្រើប្រាស់ធ្វើជាមូលហេតុគាំទ្រការធ្វើពហិកានេះ។ ប៉ុន្តែ ប្រសិនបើ យើងពិនិត្យមើលឲ្យបានគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅ ហេតុផលទាំងនោះ គ្រាន់តែជាលេសដែលត្រូវយកមកប្រើប្រាស់ដើម្បីសម្រេចគោលដៅ នយោបាយ ដ៏កខ្វក់របស់ពួកគេតែប៉ុណ្ណោះ។ ប្រទេសចិន បានធ្វើការបកស្រាយនិងបង្ហាញថា ស្ថានភាពរបស់ជនជាតិភាគតិចនៅក្នុងខេត្តស៊ីនជាំង មានស្ថានភាពល្អ ប្រសើរជាងពេលមុនយ៉ាងខ្លាំង ប៉ុន្តែប្រទេសទាំងនោះ មិនបានយកចិត្តទុកដាក់ស្ដាប់ការពន្យល់បកស្រាយ និងពិនិត្យមើលភស្តុតាងជាក់ស្ដែងនោះឡើយ។
ជាងនេះទៅទៀត ប្រទេសមួយចំនួនដែលអះអាងថាខ្លួនធ្វើពហិកានេះដើម្បីកែលម្អស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសចិន មិនទាន់បានលុបបំបាត់ បញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសខ្លួនឯងនៅឡើយ ដូចជាអំពើហិង្សាពាក់ព័ន្ធនឹងអាវុធ ការរើសអើងប្រឆាំងជនជាតិស្បែកខ្មៅ ប្រឆាំងជនអន្តោប្រវេសន៍ ឬប្រឆាំងជនភៀសខ្លួន ជាដើម។ និយាយដោយសង្ខេប ការប្រកួតប្រជែងនយោបាយពិភពលោក គឺជាមូលហេតុពិតប្រាកដដែលជំរុញឲ្យមាន ការធ្វើពហិកានេះ។

និយាយម្យ៉ាងទៀត សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមួយចំនួនរបស់ខ្លួន កំពុងប្រើប្រាស់ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងានេះ ធ្វើជាឧបករណ៍ដើម្បីបង្អាក់ និងរាំងខ្ទប់ការរីកចម្រើនរបស់ចិន ជាពិសេស ដើម្បីបំផ្លាញកេរ្តិ៍ឈ្មោះរបស់ចិន និងធ្វើឲ្យប្រទេសចិនឯកោ នៅលើឆាកអន្តរជាតិ។ តាមការពិត ព្រឹត្តិការណ៍ ប្រកួតកីឡាអូឡាំពិក គឺជាវេទិកាដែលប្រជាជាតិទាំងអស់ចូលរួមដើម្បីបុព្វហេតុកីឡា សន្តិភាព មិត្តភាព និងសហគមន៍រួមគ្នា ដោយមិនពាក់ព័ន្ធ និងផលប្រយោជន៍នយោបាយនោះឡើយ។

ហេតុដូច្នេះ ការធ្វើពហិកាក្នុងទម្រង់ណាមួយដោយសារហេតុផលនយោបាយ គឺជាការធ្វើនយោបាយតូបនីយកម្មព្រឹត្តិការណ៍កីឡាពិភពលោកនេះ ដែលនឹង បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់ស្មារតីនៃការប្រកួតកីឡាអូឡាំពិក និងស្មារតីកីឡានៅក្នុងប្រទេសរបស់ពូកគេទៅវិញទេ។ ការប្រើប្រាស់ព្រឹត្តិការណ៍កីឡា ដើម្បីផលប្រយោជន៍នយោបាយបែបនេះហាក់ដូចជាជួយឆ្លុះបង្ហាញបន្ថែមកាន់តែច្បាស់ថា សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួន មិនខ្លាចនឹងប្រើប្រាស់ មធ្យោបាយអ្វីក៏ដោយ ដើម្បីសម្រេចផលប្រយោជន៍ដ៏តូចចង្អៀតរបស់ខ្លួន។

ទោះជាយ៉ាងណាក៏ដោយ ការធ្វើពហិកាការទូតដែលមានលក្ខណៈត្រឹមតែនិមិត្តរូបបែបនេះ មិនអាចបំផ្លាញព្រឹត្តិការណ៍នេះនោះឡើយ។ ខណៈពេលដែល សហរដ្ឋអាមេរិក បានប្រកាសថាខ្លួននឹងមិនបញ្ជូនមន្ត្រី ឬគណៈប្រតិភូផ្លូវការទៅចូលរួម ក៏ប៉ុន្តែសហរដ្ឋអាមេរិក បានបញ្ជូនអត្តពលិករបស់ខ្លួនចំនួន ២២៣នាក់ ទៅចួលរួមប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍កីឡាពិភពលោកនេះ ដែលនេះគឺជាចំនួនច្រើនបំផុតក្នុងលំដាប់ទីពីរ បើធៀបទៅនឹងចំនួនអត្តពលិកច្រើនបំផុត ២២៨នាក់ ដែលអាមេរិកបានបញ្ជូនទៅចូលរួមការប្រកួតកីឡាអូឡាំពិករដូវរងានៅកូរ៉េខាងត្បូង ក្នុងឆ្នាំ២០១៨។

ទន្ទឹមនឹងនេះ យើងសង្កេតឃើញថាមានប្រទេសតែមួយចំនួនតូចប៉ុណ្ណោះដែលបានគាំទ្រ និងចូលរួមក្នុងការធ្វើពហិកានេះ ហើយនៅក្នុងចំណោមប្រទេស ទាំងនោះ ប្រទេសមួយចំនួនបានលើកហេតុផលជំងឺកូវីដ-១៩ ថាជាមូលហេតុដែលធ្វើឲ្យពួកគេមិនអាចបញ្ជូនមន្ត្រីផ្លូវការទៅចូលរួម ដោយពួកគេមិនបាន ប្រកាសជាផ្លូវការថាពួកគេកំពុងធ្វើពហិកានោះឡើយ។ តែផ្ទុយទៅវិញ ប្រទេសជាច្រើនលើសលប់ បានគាំទ្រការរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងានៅក្នុង ប្រទេសចិន ហើយសូម្បីតែប្រទេសធំៗជាច្រើននៅទ្វីបអឺរ៉ុបដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ដូចជា បារាំង អ៊ីតាលី និង អេស្ប៉ាញជាដើម មិនបានចូលរួម ក្នុងយុទ្ធនាការពហិកាដែលដឹកនាំដោយអាមេរិកនោះឡើយ។

ប្រវត្តិសាស្រ្តបានបង្ហាញថា ការប្រើប្រាស់ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក ដើម្បីសម្រេចវត្ថុបំណងនយោបាយ ហាក់ដូចជាមិនសម្រេចជោគជ័យតាមបំណង ប្រាថ្នានោះឡើយ។ នៅពេលប្រទេសចិន ធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអូឡាំពិករដូវក្ដៅ កាលពីឆ្នាំ២០០៨ បស្ចិមប្រទេសក៏ធ្លាប់បើកយុទ្ធនាការរិះគន់ វាយប្រហារប្រទេសចិនផងដែរ ក៏ប៉ុន្តែយុទ្ធនាការនោះ ពុំទទួលបានជោគជ័យនោះឡើយ ដោយប្រទេសចិននៅតែអាចរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក រដូវក្ដៅនាពេលនោះ ដោយជោគជ័យយ៉ាងត្រចះត្រចង់៕