(សេអ៊ូល)៖ អ្នកជំនាញក្នុងប្រទេសជប៉ុន និងកូរ៉េខាងត្បូង បាននិយាយថាកូរ៉េខាងជើងទំនងជាបានធ្វើតេស្ដមីស៊ីលបាលិស្ទីគរយៈចម្ងាយឆ្ងាយជាលើកដំបូង បំផុត ចាប់តាំងពីឆ្នាំ២០១៧មក និងដែលជាការធ្វើតេស្ដមីស៊ីលជាលើកទី៧ នៅក្នុងខែមករានេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៣០ ខែមករា ឆ្នាំ២០២២។

បើតាមយោធាកូរ៉េខាងត្បូង មីស៊ីលបាលិស្ទីគមួយគ្រាប់ខាងលើ ត្រូវបានកូរ៉េខាងជើងបាញ់សាកល្បងនៅម៉ោង ៧៖៥២នាទីព្រឹក ថ្ងៃអាទិត្យនេះ (ម៉ោងនៅក្នុងតំបន់) ចេញពីខេត្តចាហ្គំាង (Jagang) ឆ្ពោះទៅកាន់តំបន់សមុទ្រនៃឆ្នេរភាគខាងកើតនៃប្រទេស។ ក្រុមប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង បានកោះប្រជុំបន្ទាន់ ក្រោមអធិបតីភាពរបស់លោកប្រធានាធិបតី មូន ចែអ៉ីន ដើម្បីពិភាក្សាគ្នាពីការធ្វើតេស្ដរបស់កូរ៉េខាងជើង ដែលអាចជាប្រភេទមីស៊ីលរយៈ ចម្ងាយមធ្យម (IRBM)។

ជុំវិញការធ្វើតេស្ដមីស៊ីលនេះដែរ, នាយកខុទ្ទការល័យរដ្ឋាភិបាលជប៉ុន លោក ហ៊ីរ៉ូកាហ្សូ ម៉ាតស៊ុណុ (Hirokazu Matsuno) បានបញ្ជាក់ថាមីស៊ីលដែល កូរ៉េខាងជើងបានតេស្ដ ត្រូវបានក្រុមអ្នកជំនាញវាយតម្លៃថាបានហោះដល់រយៈកម្ពស់ ២,០០០គីឡូម៉ែត្រ និងហោះបានរយៈពេល៣០នាទី ព្រមទាំងធ្លាក់នៅ ចម្ងាយ ៨០០គីឡូម៉ែត្រ ពីទីតាំងបាញ់ចេញ។

គួរបញ្ជាក់ថា មីស៊ីលប្រភេទ IRBM ជាធម្មតាអាចបាញ់បានក្នុងចម្ងាយពី ៩០០គីឡូម៉ែត្រ ដល់ ៥,៦០០គីឡូម៉ែត្រ ខណៈ ICBM អាចបាញ់បានចម្ងាយជាមធ្យម ៥,៦០០គីឡូម៉ែត្រឡើងទៅ។ មីស៊ីលទាំង២ប្រភេទ មិនធ្លាប់ត្រូវបានកូរ៉េខាងជើងធ្វើតេស្ដឡើយ ឬអាចនិយាយបានថាការធ្វើតេស្ដ នៅថ្ងៃអាទិត្យនេះអាចជា មីស៊ីលរយៈចម្ងាយឆ្ងាយលើកដំបូងបំផុត ដែលទីក្រុងព្យុងយ៉ាងបានធ្វើតេស្ដចាប់តាំងពីឆ្នាំ២០១៧មក៕