(កុងហ្គោ)៖ តុលាការយោធាមួយនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានផ្ដន្ទាទោសប្រហារជីវិតមនុស្ស ៥១នាក់ ក្នុងនោះមានជាច្រើននាក់ត្រូវបាន កាត់ទោសកំបាំងមុខ ពីបទសម្លាប់អ្នកជំនាញ២រូប របស់អង្គការសហប្រជាជាតិ (UN) កាលពីឆ្នាំ២០១៧។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៣០ ខែមករា ឆ្នាំ២០២២។

អ្នកជំនាញ UN ទាំង២រូបខាងលើ គឺលោកស្រី ហ្សៃដា កាតាឡាន់ (Zaida Catalan) ជាជនជាតិស៊ុយអែត និងលោក ម៉ៃ ឃើល សាប (Michael Sharp) ជាជនជាតិអាមេរិក ត្រូវបានបញ្ជូនទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដើម្បីបើកការស៊ើបអង្កេតជុំវិញអំពើហិង្សារវាងកងកម្លាំងរដ្ឋាភិបាល និងក្រុម ឧទ្ទាមប្រដាប់អាវុធមួយ នៅក្នុងតំបន់កាសៃ (Kasai) កាលពីខែមីនា ឆ្នាំ២០១៧។ អ្នកទាំង២ ត្រូវបានជនប្រដាប់អាវុធមួយក្រុម ស្ទាក់ចាប់នៅពេលកំពុងធ្វើ ដំណើរតាមរថយន្ដមួយគ្រឿង ហើយពួកគេបានយកអ្នកទាំង២ ទៅទីវាលមួយដើម្បីសម្លាប់តែម្ដង។

សាកសពអ្នកជំនាញទាំង២ ត្រូវបានគេប្រទះឃើញនៅក្នុងភូមិមួយ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ពោលគឺ១៦ថ្ងៃក្រោយបាត់ខ្លួន។ ក្រុមមន្ត្រីកុងហ្គោ នៅពេលនោះក៏បានចោទប្រកាន់ផងដែរថាជនប្រដាប់អាវុធកាមូអ៉ីណា អិនសាពូ (Kamuina Nsapu) គឺជាអ្នកនៅពីក្រោយអំពើដ៏សាហាវព្រៃផ្សៃនេះ។

គួរបញ្ជាក់ថា ការផ្តន្ទាទោសប្រហារជីវិតនៅកុងហ្គោ ត្រូវបានប្រកាសជារឿយៗ ប៉ុន្តែជាធម្មតា ទោសមួយនេះក៏តែងតែត្រូវបានបន្ធូរបន្ថយមកនៅត្រឹមជាទោស ជាប់ពន្ធនាគារអស់មួយជីវិតផងដែរ៕