(សេអ៊ូល)៖ កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលបាលិស្ទីគមួយគ្រាប់ ទៅកាន់តំបន់សមុទ្រនៃឆ្នេរភាគខាងកើតរបស់ខ្លួននៅថ្ងៃអាទិត្យនេះ និងដែលអាច ក្លាយជាការធ្វើតេស្ដមីស៊ីលលើកទី៧ នៅក្នុងខែមករានេះ។ នេះបើតាមយោធាកូរ៉េខាងត្បូង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៣០ ខែមករា ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន យោធាកូរ៉េខាងត្បូងបានឱ្យដឹងថាមីស៊ីលបាលិស្ទីគខាងលើ ត្រូវបានកូរ៉េខាងជើងបាញ់សាកល្បងនៅម៉ោង ៧៖៥២នាទី ព្រឹកមិញនេះ (ម៉ោងនៅក្នុងតំបន់) ចេញពីខេត្តចាហ្គំាង (Jagang) ឆ្ពោះទៅកាន់តំបន់សមុទ្រនៃឆ្នេរភាគខាងកើតនៃប្រទេស។

ដោយឡែក រដ្ឋាភិបាលជប៉ុនក៏បានអះអាងផងដែរថាកូរ៉េខាងជើង បានធ្វើតេស្ដមីស៊ីលមួយគ្រាប់ដែលទំនងជាមីស៊ីលបាលិស្ទីគ។ ប្រសិនជាការធ្វើតេស្ដមីស៊ីល នេះត្រូវបានកូរ៉េខាងជើងទទួលស្គាល់មែន នោះវានឹងក្លាយជាការធ្វើតេស្ដមីស៊ីលជាលើកទី៧ នៅក្នុងខែមករានេះ បន្ទាប់ពីលោក គីម ជុងអ៊ុនប្ដេជ្ញាចិត្តបន្ត ការអភិវឌ្ឍ និងពង្រឹងសមត្ថភាពយោធា៕