(ម៉ូស្គូ)៖ អាជ្ញាធរសុខាភិបាលរុស្ស៉ី នាថ្ងៃសៅរ៍នេះបានរាយការណ៍ឱ្យដឹងថា ចំនួនករណីឆ្លង COVID-19 ប្រចាំថ្ងៃក្នុងប្រទេសរុស្ស៉ី បានកើនលើស១០០,០០០នាក់ ជាលើកដំបូងបង្អស់ បើគិតចាប់តាំងពីវិបត្តិជំងឺរាតត្បាតសកលនេះ បានផ្ទុះឡើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៩ ខែមករា ឆ្នាំ២០២២។

នៅថ្ងៃសៅរ៍នេះ រុស្ស៉ីបានកត់ត្រាករណីឆ្លងថ្មីៗចំនួន១១៣,១២២នាក់ ដែលជាការបន្តបំបែកកំណត់ត្រា សម្រាប់រយៈពេល៩ថ្ងៃជាប់ៗគ្នាមកហើយ ដោយការកើនឡើងយ៉ាងគំហុកនេះ ត្រូវបានអាជ្ញាធរុស្ស៉ីបន្ទោសទៅលើ ការឆ្លងរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុសបំប្លែងថ្មី Omicron។ ក្នុងពេល២៤ម៉ោងចុងក្រោយដូចគ្នា រុស្ស៉ីក៏មានករណីអ្នកជំងឺស្លាប់ថ្មីចំនួន ៦៦៨នាក់ផងដែរ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ រុស្ស៉ីមានករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១១.៦១លាននាក់ និងស្លាប់ជាង ៣៣០,០០០នាក់។ ចំណែកអត្រាចាក់វ៉ាក់សាំងវិញ គឺប្រជាជនរុស្ស៉ីជិត៥០ភាគរយ ទទួលបានការចាក់គ្រប់ដូស ហើយ៧ភាគរយ បានចាក់ដូសជំរុញ៕