(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃសៅរ៍នេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន ១៥,១៥០ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News នៅយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២។

រដ្ឋធានីហាណូយដែលបច្ចុប្បន្នកំពុងប្រែក្លាយជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីថ្ងៃនេះចំនួន ២,៨០៦ករណី ខណៈហូជីមិញបានរាយការណ៍ ចំនួន១៦៦ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Đà Nẵng មានចំនួន៨៦៥ករណី, ខេត្ត Bắc Ninh ៩៩២ករណី និងខេត្ត Thanh Hóa ៨៦៥ករណី។

ក្នុងរបាយការណ៍ថ្ងៃសៅរ៍នេះដែរ ក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ ចំនួន១១៥នាក់បន្ថែមទៀតផងដែរ។
សរុបមកវិញ គិតត្រឹមថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ២,២៣៣,២៨៧នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១,៩៦២,៥៩៧នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ៣៧,៥៤៧នាក់៕