(ឡុងដ៍)៖ ក្រសួងសុខាភិបាលអង់គ្លេស កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានប្រកាសថា ចក្រភពអង់គ្លេសនឹងចាប់ផ្តើមការប្រើប្រាស់ថ្នាំគ្រាប់ សម្រាប់ព្យាបាលអ្នកជំងឺ COVID-19 របស់ក្រុមហ៊ុនអាមេរិក Pfizer នៅខែកុម្ភៈខាងមុខនេះ ដោយផ្តោតជាពិសេសទៅលើ ក្រុមអ្នកដែលមានប្រព័ន្ធភាពស៉ាំទន់ខ្សោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៩ ខែមករា ឆ្នាំ២០២២។

អាជ្ញាធរសុខាភិបាលអង់គ្លេស បានលើកឡើងថា ថ្នាំគ្រាប់ហៅថា ផាក់ឡូវីដ (Paxlovid) របស់ក្រុមហ៊ុន Pfizer នឹងត្រូវបើកឱ្យប្រើប្រាស់នៅក្នុងចក្រភពអង់គ្លេស ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ដើម្បីជួយអ្នកដែលប្រឈមហានិភ័យខ្ពស់ ដោយសារជំងឺ COVID-19។ លោក ស្ទេវិន ផូវីស (Stephen Powis) នាយកវេជ្ជសាស្រ្តនៃសេវាសុខាភិបាលជាតិអង់គ្លេស បានថ្លែងថា យោងតាមលទ្ធផលធ្វើតេស្ត ថ្នាំ Paxlovid អាចកាត់បន្ថយលទ្ធភាពត្រូវចូលមន្ទីរពេទ្យនិងស្លាប់នៃអ្នកឆ្លង COVID-19 បានដល់ទៅជិត៩០ភាគរយ ដែលមានន័យថា វានឹងអាចជួយសង្រ្គោះជីវិតមនុស្សបានយ៉ាងច្រើន។

គួរបញ្ជាក់ថា អង់គ្លេសបានបញ្ជាទិញថ្នាំ Paxlovid សុរប២.៧៥លានឈុត។ វាគឺជាថ្នាំសម្រាប់ព្យាបាលជំងឺ COVID-19 ទី២ ដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់នៅចក្រភពអង់គ្លេស បន្ទាប់ពីថ្នាំគ្រាប់មួយប្រភេទទៀតហៅថា ម៉ូលនូភីវ៉ារៀ (Molnupiravir) ដែលជាផលិតផលរបស់ក្រុមហ៊ុន Merck៕