(កៀវ)៖ ប៉ូលិសនៅក្នុងប្រទេសអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍នេះបានចាប់ខ្លួនទាហានម្នាក់ ដែលបានបាញ់សម្លាប់មនុស្ស៥នាក់ នៅឯរោងចក្រយោធា មួយកន្លែង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមករា ឆ្នាំ២០២២។

បើតាមសេចក្ដីថ្លែងការណ៍របស់ប៉ូលិសអ៊ុយក្រែន ហេតុការណ៍បាញ់ប្រហារខាងលើបានកើតឡើង កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងតំបន់) នៅឯ រោចក្រផលិតមីស៊ីល ពីដិនម៉ាស (Pivdenmash) នៃទីក្រុង ឌីនីប្រូ (Dnipro)។ ជនរងគ្រោះទាំង៥នាក់ខាងលើ ក្នុងនោះរួមមានឆ្មាំសន្តិសុខ ៤នាក់ និងស្ត្រីម្នាក់ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ ដោយប្រើកាំភ្លើងម៉ាក AK-47 ហើយមនុស្ស ៥នាក់ផ្សេងទៀតក៏បានរងរបួសផងដែរ។

ប៉ុន្តែភ្លាមៗ មិនទាន់មានការបញ្ជាក់លម្អិតពីមូលហេតុនៅពីក្រោយការបាញ់ប្រហារនេះនៅឡើយទេ ខណៈការស៊ើបអង្កេតមួយកំពុងធ្វើឡើង។ អាជ្ញាធរ អ៊ុយក្រែន បានចាប់ខ្លួនបុរសជាខ្មាន់កំភ្លើងម្នាក់មានឈ្មោះ អាធឹម រីយ៉ាបឈុក (Artem Ryabchuk) ដែលនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕