(ហ្សឺណែវ)៖ រដ្ឋមន្ត្រីការបរទេសនៃសហរដ្ឋអាមេរិកលោក អាន់ ថូនី ប្លីងគែន (Antony Blinken) បានថ្លែងបែបព្រមាន ទៅកាន់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) ក្នុងជំនួបនៅទីក្រុងហ្សឺណែវ ប្រទេសស្វីសថា ទីក្រុងម៉ូស្គូនឹងត្រូវប្រឈមមុខ ការឆ្លើយតបវិញភ្លាមៗ ធ្ងន់ធ្ងរ និងជាលក្ខណៈរួបរួម ប្រសិនបើរុស្ស៊ីសម្រេចចិត្ត វាយប្រហារអ៊ុយក្រែននោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី២២ ខែមករា ឆ្នាំ២០២២។

ការថ្លែងរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកខាងលើនេះ បានកើតមានឡើងបន្ទាប់ពី ទីក្រុងវ៉ាស៊ីនតោនបានយល់ព្រម ផ្តល់ជូនទៅក្រុងម៉ូស្គូ នូវលិខិតសរសេរដោយផ្ទាល់ដៃ ដែលបញ្ជាក់អំពីការយល់ព្រម ធានាសន្តិសុខតបតាមការចង់បានរបស់រុស្ស៊ីនោះគឺ «ការប្តេជ្ញាមិនឲ្យប្រទេសអ៊ុយក្រែន ក្លាយជាសមាជិកមួយរបស់អង្គការ NATO ជាដាច់ខាត»

លោក Blinken បានលើកឡើងយ៉ាងដូច្នេះថា «យើងបានបញ្ជាក់ច្បាស់ហើយ... ប្រសិនបើកងកម្លាំងទ័ពរុស្ស៊ីណាមួយ ចល័តឆ្លងកាត់ព្រំដែនអ៊ុយក្រែននោះ វានឹងបង្ហាញអំពីការឈ្លានពាន។ ទង្វើនេះនឹងទទួលការឆ្លើយតបទៅវិញភ្លាមៗ ធ្ងន់ធ្ងរ និងជាលក្ខណៈរួបរួម ពីសំណាក់សហរដ្ឋអាមេរិក ដៃគូ និងសម្ព័ន្ធនានារបស់យើង»

គួរបញ្ជាក់ថា ជំនួបរវាងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក និងសហព័ន្ធរុស្ស៊ី បានកើតមានឡើងស្របទៅតាមចេតនា នៃបណ្តាប្រទេសលោកខាងលិច ដែលចង់បន្ធូរបន្ថយស្ថានការណ៍តានតឹង នៅតាមតំបន់ព្រំដែនអ៊ុយក្រែន ខណៈសព្វាវុធធុនធ្ងន់ និងកងទ័ពរុស្ស៊ីរាប់ម៉ឺននាក់ ត្រូវបានដាក់ពង្រាយ នៅក្បែរព្រំដែនអ៊ុយក្រែនរួចជាស្រេច ហើយសហរដ្ឋអាមេរិកក៏បានព្រមានថា រុស្ស៊ីនឹងវាយប្រហារអ៊ុយក្រែនផងដែរ៕