(បាងកក)៖ រដ្ឋមន្រ្តីសុខាភិបាលថៃ នៅថ្ងៃអង្គារនេះបានប្រកាសថា ប្រទេសថៃនឹងបន្ទាបកម្រិតប្រកាសអាសន្នសម្រាប់ជំងឺ COVID-19 វិញ ហើយនិងកំពុងពិចារណាបន្ធូរបន្ថយ វិធានការរឹតត្បិតបន្ថែមទៀត ដើម្បីជំរុញសន្ទុះសេដ្ឋកិច្ច ខណៈដែលអត្រាឆ្លងរាលដាលហាក់មានការអន់ថយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២។

ក្នុងចំណោមវិធានការ ដែលកំពុងស្ថិតក្រោមការពិចារណា គឺរួមមានការបង្កើតតំបន់ សេនបក់ (Sandbox) ថែមទៀត សម្រាប់ភ្ញៀវទេសចរ។ តំបន់ Sandbox គឺជាកន្លែងដែលទេសចរអាចធ្វើដំណើរចូលទៅបាន ដោយមិនចាំបាច់ត្រូវធ្វើចត្តាឡីស័កឡើយ ប៉ុន្តែពួកគេត្រូវស្នាក់នៅទីនោះ សម្រាប់រយៈពេល៧ថ្ងៃ និងឆ្លងកាត់ការធ្វើតេស្តរក COVID-19 ចំនួន២លើក។

រដ្ឋមន្រ្តីសុខាភិបាល លោក អានុធីន ឆានវីរៈគុល (Anutin Charnvirakul) បានប្រាប់ក្រុមអ្នកកាសែតថា សម្រាប់ពេលនេះ ក្លឹបរាត្រី បារ និង កន្លែងទទួលទានគ្រឿងស្រវឹង នឹងនៅតែត្រូវបន្តបិទទ្វារដដែល ប៉ុន្តែការប្រកាសអាសន្ន COVID-19 នឹងត្រូវទម្លាក់ពីកម្រិតលេខ៤ មកនៅត្រឹមលេខ៣វិញ នៅក្នុងប្រព័ន្ធប្រកាសអាសន្នដែលមាន៥កម្រិត។

គួរបញ្ជាក់ថា គិតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រាករណីឆ្លង COVID-19 សរុបជាង២.៣លាននាក់ និងស្លាប់ជិត២២,០០០នាក់។ សម្រាប់ការចាក់វ៉ាក់សាំង ថៃត្រូវបានគេប៉ាន់ប្រមាណថា បានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ១១០.៦១លានដូស ក្នុងនោះប្រជាជន ៤៨.៣៨លាននាក់ (៦៩.១៧% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕