(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុបរហូតដល់ទៅ ៣៨៩,៥៥៣នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៤៦៨នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពី គេហទំព័រ Worldometers នាព្រឹកថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៦៧,៦៣១,១៩១ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៨៧៤,៣២១នាក់ និងជាសះស្បើយឡើងសរុបជាង ៤៣.១៦លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

ក្រុមអ្នកជំនាញសុខាភិបាល នៅសហរដ្ឋអាមេរិក បានព្រមានកាលពីចុងសប្តាហ៍មុននេះថា សន្ទុះនៃការឆ្លងរាតត្បាតជំងឺ COVID-19 បង្កឡើងមេរោគបំប្លែងថ្មី Omicron នៅមិនទាន់ឈានដល់ «ចំណុចកំពូល» នៅឡើយទេ ហើយនាប៉ុន្មានសប្តាហ៍ខាងមុខទៀត ចំនួនករណីឆ្លងនឹងបន្តកើនឡើង យ៉ាងគំហុកបន្ថែមទៀត នៅទូទាំងសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៥២៧លានដូស ក្នុងនោះប្រជាជន ២៤៨.៧លាននាក់ (៧៥.៥% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស, ២០៧.៣៧លាននាក់ (៦២.៩% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ៧៩.៥៥លាននាក់ (២៤.១% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់ដូសជំរុញ៕