(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុន លោក ហ៊្វូមីអូ គីស៉ីដា (Fumio Kishida) នៅថ្ងៃចន្ទនេះ បានប្រកាសថា ប្រទេសលោកនឹងពន្លឿនការចាក់វ៉ាក់សាំងដូសជំរុញ ឱ្យលឿនជាងមុនរយៈពេល២ខែ ស្របពេលដែលវីរុស COVID-19 បំប្លែងថ្មី កំពុងតែបន្តធ្វើឱ្យករណីឆ្លងកើនឡើងយ៉ាងឆាប់រហ័ស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៧ ខែមករា ឆ្នាំ២០២២។

ក្នុងការថ្លែងសារអំពីគោលនយោបាយ ទៅកាន់សភាជាតិជប៉ុន លោក គីស៉ីដា បានសង្កត់ធ្ងន់ជាថ្មីម្តងទៀតថា រដ្ឋបាលលោកដាក់អាទិភាពខ្ពស់ជាងគេបំផុត ទៅលើកិច្ចប្រឹងប្រែងឆ្លើយតបចំពោះវិបត្តិ COVID-19 នៅក្នុងប្រទេស។ លោក យូស៉ីហ៉ីដេ ស៊ូហ្កា (Yoshihide Suga) ដែលជានាយករដ្ឋមន្រ្តីមុនលោក គីស៉ីដា បានសម្រេចលាលែងពីតំណែងកាលពីឆ្នាំមុន បន្ទាប់ពីសំឡេងគាំទ្រលោកមានការធ្លាក់ចុះ នៅពេលដែលការឆ្លងរាតត្បាត COVID-19 បានកើនឡើងយ៉ាងគំហុក។

បើតាមលោក គីស៉ីដា ចាប់ពីខែមីនា ឆ្នាំ២០២២នេះ វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ នឹងត្រូវចាក់ជូនក្រុមអ្នកវ័យចំណាស់នៅរយៈពេល៦ខែ បន្ទាប់ពីពួកគេទទួលបានការចាក់ដូសទី២ ជាជាងរយៈពេល៨ខែ ដូចតាមការគ្រោងទុកកន្លងមក ហើយសម្រាប់ក្រុមមនុស្សពេញវ័យដទៃទៀត គម្លាតរយៈពេលពីការចាក់ដូសទី២ និងដូសជំរុញ ក៏នឹងត្រូវបន្ថយ១ខែ ឬ២ខែផងដែរ។

គួរបញ្ជាក់ថា គិតមកទល់ពេលនេះ ប្រជាជនជប៉ុនប្រហែល៨០ភាគរយ ទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 គ្រប់ដូស ក៏ប៉ុន្តែប្រមាណជា ១ភាគរយប៉ុណ្ណោះ ទើបតែបានទទួលដូសជំរុញ។ លោកនាយករដ្ឋមន្រ្តីជប៉ុន បានគូសបញ្ជាក់ហើយបញ្ជាក់ទៀត អំពីកិច្ចប្រឹងប្រែងដ៏លំបាកនៅចំពោះមុខ ហើយលោកបានអំពាវនាវសុំការគាំទ្រពីប្រជាជន ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលមួយនេះ៕