(សេអ៊ូល)៖ នៅព្រឹកថ្ងៃចន្ទនេះ ប្រទេសកូរ៉េខាងជើងបានបាញ់តេស្តគ្រាប់មីស៊ីល ចំនួនមួយគ្រាប់ទៀតហើយ ដោយឆ្មាំការពារដែនសមុទ្រជប៉ុនសង្ស័យថា វាអាចជាគ្រាប់មីស៊ីលបាលីស្ទីក (ballistic missile) ហើយនេះក៏ជាលើកទី ៤ ផងដែរសម្រាប់ដើមឆ្នាំ ២០២២។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃចន្ទ ទី១៧ ខែមករា ឆ្នាំ២០២២។

សម្រាប់យោធាកូរ៉េខាងត្បូងវិញ នៅព្រឹកថ្ងៃចន្ទនេះក៏បានរាយការណ៍ផងដែរ អំពីការចាប់បានសញ្ញាបាញ់គ្រាប់មីស៊ីលចំនួន ១គ្រាប់ ចេញពីទឹកដីកូរ៉េខាងជើង រួចធ្លាក់ទៅក្នុងដែនសមុទ្រភាគខាងកើត របស់ប្រទេសនោះវិញ។ សម្រាប់ការបាញ់តេស្ត ៣ លើកមុនដោយកូរ៉េខាងជើង គឺលើកទី ១ និង ២ (មានចំនួន២គ្រាប់) សុទ្ធតែជាប្រភេទ គ្រាប់មីស៊ីលអាចហោះលឿនជាងល្បឿនសំឡេង (hypersonic missile) និងលើកទី ៣ (ចំនួន ២គ្រាប់) គឺជាប្រភេទមីស៊ីលបាលីស្ទីករយៈចម្ងាយខ្លី ដែលត្រូវបានបាញ់ចេញពី «ម៉ាស៊ីនបាញ់មីស៊ីលចល័ត» នៅលើផ្លូវរថភ្លើង។

យ៉ាងណាក៏ដោយ សម្រាប់លើកទី ៤ នេះ គេនៅមិនទាន់អាចដឹង អំពីប្រភេទមីស៊ីលជាក់លាក់នោះឡើយ លុះត្រាណាតែសារព័ត៌មានរដ្ឋកូរ៉េខាងជើង ចេញផ្សាយព័ត៌មានដើម្បីបញ្ជាក់ដូចសព្វដង។

គួរបញ្ជាក់ថា ការធ្វើតេស្តមីស៊ីលចាប់ពីលើកទី ៣ មក បានកើតមានឡើង ក្រោយរដ្ឋបាលលោក ចូ បៃដិន បានប្រកាសដាក់ទណ្ឌកម្មលើបុគ្គល ៦នាក់ នៅកូរ៉េខាងជើង ដែលសុទ្ធសឹងតែមានជាប់ពាក់ព័ន្ធនឹង កម្មវិធីអភិវឌ្ឍអាវុធមីស៊ីល នៅប្រទេសដ៏ឯកោនេះ។ កូរ៉េខាងជើងក្រោយទទួលរងការដាក់ទណ្ឌកម្មក្តៅៗ ពីសំណាក់ទីក្រុងវ៉ាស៊ីនតោននោះ បានចេញមុខព្រមានថា ខ្លួននឹងចាត់វិធានការតបតវិញយ៉ាងខ្លាំងក្លា និងម៉ឺងម៉ាត់បំផុត៕