(ម៉ូស្គូ)៖ ទីភ្នាក់ងារសន្តិសុខរុស្ស៊ី FSB បាននិយាយថាពួកគេបានចាប់ខ្លួនមនុស្សជាច្រើននាក់ដែលជាសមាជិកក្រុម Hacker មួយ តបតាម សំណើរបស់សហរដ្ឋអាមេរិក ដែលសង្ស័យថាក្រុម Hacker នេះជាអ្នកនៅពីក្រោយការវាយប្រហារព័ត៌មានវិទ្យាលើក្រុមហ៊ុនអាមេរិក។ នេះ បើតាមការចេញផ្សាយដោយសារព័ត៌មាន NHK នៅថ្ងៃអាទិត្យ ទី១៦ ខែមករា ឆ្នាំ២០២២។

បើតាមទីភ្នាក់ងារសន្តិសុខ FSB មនុស្ស១៤នាក់ ជាសមាជិកក្រុម Hacker មានមូលដ្ឋានក្នុងប្រទេសរុស្ស៊ី ឬគេស្គាល់ឈ្មោះថា REvil ត្រូវបាន ចាប់ខ្លួន កាលពីថ្ងៃសុក្រកន្លងទៅនេះ។ FSB បន្ថែមថាខ្លួនក៏បានរឹបអូសកុំព្យូទ័រ, រថយន្ដជាច្រើនគ្រឿង រួមទាំងឧបករណ៍សង្ស័យជាច្រើន ទៀតដែលត្រូវបានប្រើប្រាស់ក្នុងការប្រព្រឹត្តបទឧក្រិដ្ឋ។

គួរបញ្ជាក់ថា REvil គឺជា Hacker មួយក្រុម ដែលជាប់សង្ស័យថាបានវាយប្រហារព័ត៌មានវិទ្យាលើបណ្ដាក្រុមហ៊ុន និងអង្គការមួយចំនួននៅក្នុង សហរដ្ឋអាមេរិក និងនៅជុំវិញពិភពលោក តាមរយៈការប្រើមេរោគឈ្មោះថា «ransomware» ដើម្បីជំរិតទារប្រាក់៕