(សេអ៊ូល)៖ រថភ្លើងដឹកទំនិញកូរ៉េខាងជើងមួយគ្រឿង បានធ្វើដំណើរចូលក្នុងទីក្រុងជាប់ព្រំដែនមួយរបស់ចិន នៅថ្ងៃអាទិត្យនេះ ដែលនេះ ត្រូវបានចាត់ទុកថាជាការធ្វើដំណើរឆ្លងកាត់ព្រំដែនលើកដំបូងបំផុត ចាប់តាំងពីអាជ្ញាធរទីក្រុងព្យុងយ៉ាង ដាក់ចេញវិធានការបិទខ្ទប់ដ៏តឹងរ៉ឹង ទប់ស្កាត់ COVID-19 ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារមានយ៉ុនហាប់ នៅថ្ងៃអាទិត្យ ទី១៦ ខែមករា ឆ្នាំ២០២២។

កូរ៉េខាងជើង មកទល់នឹងពេលនេះមិនបានរាយការណ៍ពីការរកឃើញករណីឆ្លង COVID-19 នៅឡើយទេ តែបានដាក់ចេញវិធានការរឹតត្បិត នានា ក្នុងនោះរួមមានទាំងការបិទព្រំដែន និងរឹតត្បិតការធ្វើដំណើរនៅក្នុងប្រទេស ចាប់តាំងពីជំងឺដ៏កាចសាហាវនេះឆ្លងរាលដាលខ្លាំង តាំងពី ឆ្នាំ២០២០មក។

បើតាមទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ រថភ្លើងកូរ៉េខាងជើង បានធ្វើដំណើរឆ្លងព្រំដែនកាត់តាមស្ពានរថភ្លើងនៃទន្លេយ៉ាលូ (Yalu) ទៅដល់ ទីក្រុងដាន់ដុន (Dandong) របស់ចិន។ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូងនេះដដែល ដោយផ្អែកលើប្រភពជាច្រើនដែលខ្លួនទទួលបាន បានបន្ថែមទៀតថានេះគឺជាលើកដំបូងបំផុតដែលរថភ្លើងកូរ៉េខាងជើងធ្វើដំណើរឆ្លងព្រំដែន ចូលទៅក្នុងទឹកដី។

តែមិនទាន់មានការបញ្ជាក់ថាតើរថភ្លើងនេះមានផ្ទុកទំនិញដែរ ឬក៏យ៉ាងណានោះទេ ខណៈមានការរំពឹងថារថភ្លើងនេះនឹងដឹកជំនួយជា សម្ភារសង្រ្គោះបន្ទាន់ ត្រឡប់ទៅកូរ៉េខាងជើងវិញ នៅថ្ងៃចន្ទស្អែកនេះ៕