(ម៉ានីល)៖ ក្រសួងសុខាភិបាលហ្វីលីពីន នៅថ្ងៃសៅរ៍នេះ បានប្រកាសពីការរកឃើញ ការឆ្លងរាលដាលក្នុងសហគមន៍ នៃវីរុសបំប្លែងថ្មី Omicron ស្របពេលដែលចំនួនករណីឆ្លងប្រចាំថ្ងៃ បានបន្តបំបែកកំណត់ត្រា៣ថ្ងៃជាប់ៗគ្នាមកហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៥ ខែមករា ឆ្នាំ២០២២។

មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាលហ្វីលីពីន លោកស្រី ម៉ារៀ រ៉ូសារីអូ វើហ្គា (Maria Rosario Vergeire) បានឱ្យដឹងថា ការឆ្លងរាលដាលក្នុងសហគមន៍នៃវីរុស Omicron កំពុងត្រូវបានមើលឃើញ នៅក្នុងតំបន់មេត្រូម៉ានីល (Metro Manila) ដែលគ្របដណ្តប់លើទីក្រុងសរុបចំនួន១៦ រួមមានទាំងរដ្ឋធានីម៉ានីល ហើយមានមនុស្សរស់នៅជាង១៣លាននាក់។

បើតាមលោកស្រី វើហ្គា ការឆ្លងរាតត្បាត COVID-19 រលកចុងក្រោយគេនេះ អាចឈានដល់ចំណុចកំពូលរបស់វា នៅចន្លោះចុងខែមករានេះ និងពាក់កណ្តាលខែកុម្ភៈខាងមុខ។ ថ្ងៃសៅរ៍ដដែលនេះ ក្រសួងសុខាភិបាលហ្វីលីពីន បានរាយការណ៍ពីករណីឆ្លងថ្មីៗចំនួន ៣៩,០០៤នាក់ បន្ថែមទៀត ខណៈចំនួនអ្នកជំងឺកំពុងសម្រាកព្យាបាល ក៏បានកើនដល់កម្រិតដ៏ខ្ពស់មួយផងដែរគឺ ២៨០,៨១៣នាក់។

គួរបញ្ជាក់ថា ជាមួយចំនួនករណីឆ្លងសរុបជាង ៣.១៦លាននាក់ និងមនុស្សស្លាប់ជិត៥៣,០០០នាក់ នៅទូទាំងប្រទេស ហ្វីលីពីនស្ថិតនៅលំដាប់ថ្នាក់ទី២ ប្រចាំនៅតំបន់អាស៉ីអាគ្នេយ៍ ក្នុងនាមជាប្រទេសដែល មានករណីឆ្លងនិងស្លាប់នៃ COVID-19 ខ្ពស់ជាងគេ គឺក្រោមតែឥណ្ឌូណេស៉ីមួយប៉ុណ្ណោះ៕