(ញូដេលី)៖ ក្រសួងសុខាភិបាលនៃប្រទេសឥណ្ឌា នៅថ្ងៃសៅរ៍នេះបានរាយការណ៍ពី ចំនួនករណីឆ្លង COVID-19 រហូតដល់ទៅ ២៦៨,៨៣៣នាក់ទៀត ដែលត្រូវបានរកឃើញក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ និងបាននាំឲ្យចំនួនករណីឆ្លងជំងឺនេះ សរុបកើនឡើងដល់ ៣៦,៨៥០,៩៦២ករណី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី១៥ ខែមករា ឆ្នាំ២០២២។

នេះគឺជាថ្ងៃទី ៣ ហើយដែលប្រទេសឥណ្ឌា បានរាយការណ៍ពីចំនួនករណីឆ្លងជំងឺ COVID-19 ជាង ២០០,០០០នាក់ក្នុង ១ថ្ងៃបែបនេះ។ យ៉ាងណាក៏ដោយ អ្នកជំងឺប្រមាណ ៤០២នាក់ទៀតបានបាត់បង់ជីវិត ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៤៨៥,៧៥២នាក់។ បើតាមអាជ្ញាធរសុខាភិបាលឥណ្ឌា វាជាថ្ងៃទី ១៨ ហើយដែលប្រទេសនេះ បានមើលឃើញកំណើននៃករណីឆ្លងជំងឺ COVID-19 យ៉ាងគំហុកឡើងវិញ។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌាទើបតែបានរាយការណ៍ពីការរកឃើញករណី «វិជ្ជមាន» វីរុសបំប្លែងថ្មី Omicron សរុបជាង ៦,០០០ករណីប៉ុណ្ណោះ ដែលនេះជាកម្រិតទាបនៅឡើយ បើធៀបនឹងអត្រាឆ្លងប្រចាំថ្ងៃ នៅក្នុងប្រទេសដែលមានប្រជាជន ១,៤០០លាននាក់មួយនេះ។ ករណីឆ្លង Omicron ភាគច្រើនត្រូវបានរកឃើញនៅក្នុងរដ្ឋ ម៉ាហារ៉ាស្ត្រា (Maharashtra), រ៉ាចាស្ថាន (Rajasthan) និង ដេលី (Delhi)៕