(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន (Wang Wenbin) បានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា ចិនរំពឹងថាប្រទេសកាហ្សាក់ស្ថាន នឹងវិលរកស្ថិរភាពឡើងវិញ នៅក្នុងពេលឆាប់រហ័សបំផុត តាមដែលអាចទៅរួច។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នារសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែមករា ឆ្នាំ២០២២។

នៅក្នុងកម្មវិធីឆ្លើយឆ្លងព័ត៌មានប្រចាំថ្ងៃព្រហស្បតិ៍នេះ និងជាការឆ្លើយតបទៅកាន់សំនួរ ពីក្រុមអ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងស្ថានការណ៍នៅកាហ្សាក់ស្ថាន ដែលជាប្រទេសភូមិផងរបងជាមួយចិននោះ, លោក វ៉ាង វិនពីន បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ប្រទេសចិនរំពឹងថា រដ្ឋាភិបាលនៃប្រទេសកាហ្សាក់ស្ថាន នឹងដោះស្រាយចំពោះការតវ៉ាឲ្យបានត្រឹមត្រូវ ដែលនេះគឺជាកិច្ចការផ្ទៃក្នុងរបស់កាហ្សាក់ស្ថាន»

គួរបញ្ជាក់ថា ការលើកឡើងពីសំណាក់ ក្រសួងការបរទេសចិនខាងលើនេះ បានកើតមានឡើងបន្ទាប់ពី កងទ័ពសម្ព័ន្ធមិត្តដឹកនាំដោយរុស្ស៊ីបានអះអាងថា ខ្លួននឹងបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅកាន់កាហ្សាក់ស្ថាន ដើម្បីរក្សាឲ្យបាននូវស្ថិរភាព និងបានស្តីបន្ទោសក្រុមបាតុករ ដែលបាននិងកំពុងធ្វើឲ្យប្រទេស ធ្លាប់ស្ថិតក្រោមអតីតសហភាពសូវៀតមួយនេះ ធ្លាក់ចូលក្នុងភាពចលាចល ដោយសារតែការលូកដៃពីបរទេស។

ប្រទេសកាហ្សាក់ស្ថានដែលស្ថិតនៅតំបន់អាស៊ីកណ្តាល ជាច្រើនឆ្នាំមកនេះត្រូវបានគេមើលឃើញថា ជាប្រទេសអតីតសហភាពសូវៀត ដែលមានភាពស្ងប់សុខបំផុតមួយ។ ប៉ុន្តែប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ការមិនចុះសម្រុងគ្នាបានឈានដល់ថ្នាក់ផ្ទុះការតវ៉ា និងអំពើហិង្សា ដោយសារតែបញ្ហាសាំងឡើងថ្លៃ។

ក្រុមបាតុករបានចេញមកតវ៉ាតាមដងផ្លូវ នៅក្នុងទីក្រុង និងចូលលុកលុយអគាររដ្ឋាភិបាលកាហ្សាក់ស្ថាន ព្រមទាំងបានដុតបំផ្លាញ ទ្រព្យសម្បត្តិសាធារណៈអស់ជាច្រើនផងដែរ។ ខណៈដែលប្រទេសរុស្ស៊ី បានចោទថា បាតុករបានចេញមកតវ៉ាដោយកំហឹងបែបនេះ ព្រោះតែមានការដុតបញ្ឆេះពីបរទេសនោះ អ្នកនាំពាក្យអង្គការសហប្រជាជាតិ (UN) បានអំពាវនាវនៅថ្ងៃពុធសប្តាហ៍នេះ ឲ្យគ្រប់ភាគីទាំងអស់រក្សាការអត់ធ្មត់ និងងាកមកដោះស្រាយបញ្ហាជាមួយគ្នាដោយសន្តិវិធី៕