(វ៉ាស៉ីនតោន)៖ ភ្លើងឆេះព្រៃដ៏អាក្រក់នៅរដ្ឋខូឡូរ៉ាដូ (Colorado) នៃសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបំផ្លាញផ្ទះសម្បែងរាប់រយខ្នង, បង្កឱ្យប្រជាជនមួយចំនួនរងរបួស និងបានបង្ខំឱ្យមានការជម្លៀសប្រជាជនរាប់ម៉ឺននាក់ទាំងនៅក្នុង និងនៅជុំវិញក្រុងចំនួន២ ដែលស្ថិតនៅភាគខាងកើតក្បែរទីក្រុងឌែនវើ (Denver)។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣១ ខែធ្នូ ឆ្នាំ២០២១។

លោក ចូ ភែល (Joe Pelle) មន្រ្តីប៉ូលិសតំបន់ បូលដឺខោនធី (Boulder County) បានឱ្យដឹងថា ភ្លើងឆេះព្រៃដែលកំពុងឆាបឆេះរាលដាលយ៉ាងឆាប់រហ័ស ត្រូវគេជឿថាបានកើតចេញមកពីផ្កាភ្លើងចេញពីខ្សែថាមពលអគ្គិសនី និងឧបករណ៍បំលែងចរន្តអគ្គិសនី ដែលដួលរលំដោយសារខ្យល់បក់ខ្លាំង នៅតំបន់ជួរភ្នំហ្វ្រនរែង (Front Range) នៃរដ្ឋ Colorado។

បើតាមការិយាល័យគ្រប់គ្រងគ្រាអាសន្នរបស់តំបន់ Boulder County បទបញ្ជាជម្លៀសត្រូវបានចេញជាលើកដំបូង សម្រាប់ប្រជាជនទាំងអស់នៅក្នុងក្រុងស៊ូភើរៀរ (Superior) នៃរដ្ឋ Colorado ដែលមានមនុស្សរស់នៅប្រហែល ១៣,០០០នាក់ ហើយក្រោយក្រោយមក ក៏ត្រូវបានចេញសម្រាប់ប្រជាជនទាំងអស់ នៅក្នុងក្រុងដែលនៅក្បែរគ្នា គឺទីក្រុងល្វីសវៀល (Louisville) ដែលមានប្រជាជនជាង ១៨,០០០នាក់។

ទីភ្នាក់ងារឧតុនិយមអាមេរិកបានឱ្យដឹងថា ខ្យល់បក់ខ្លាំងរហូតដល់ ១៧៧គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវបានរាយការណ៍នៅក្នុងតំបន់ Boulder County ហើយភ្លើងឆេះព្រៃកំពុងបង្កើតស្ថានភាពគំរាមកំហែងដល់អាយុជីវិតរបស់ប្រជាជន នៅក្នុងក្រុង Superior និង Louisville។

គួរបញ្ជាក់ថា យោងតាមអាជ្ញាធរបាននិយាយថា ល្បឿនខ្យល់បក់ត្រូវបានគេព្យាករណ៍ថា មានការថយចុះនៅយប់ថ្ងៃព្រហស្បតិ៍ ឬព្រឹកព្រលឹមថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលាក្នុងតំបន់នៅអាមេរិក) ដែលនឹងអនុញ្ញាតឱ្យក្រុមអ្នកពន្លត់អគ្គិភ័យ អាចមានឱកាសគ្រប់គ្រងភ្លើងឆេះព្រៃដ៏អាក្រក់នេះបាន និងឱ្យឧទ្ធម្ភាគចក្រនិងយន្តហោះពន្លត់អគ្គីភ័យ អាចត្រូវដាក់ពង្រាយ ដើម្បីធ្វើប្រតិបត្តិការប្រឆាំងនឹងការរីករាលដាលនៃភ្លើងឆេះព្រៃនេះ៕