(បាងកក)៖ ប្រភពពីកងទ័ពអាកាសថៃបានបង្ហើបឲ្យដឹងថា ប្រទេសអាស៊ានមួយនេះ កំពុងសម្លឹករកទិញ យន្តហោះចម្បាំង-បំបាំងកាយ F-35 ដ៏មានឥទ្ធិពលចំនួន ៨គ្រឿង ពីសហរដ្ឋអាមេរិក យកមកពង្រឹងវិស័យការពារជាតិរបស់ខ្លួនបន្ថែមទៀត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok post នារសៀលថ្ងៃសុក្រ ទី៣១ ខែធ្នូ ឆ្នាំ២០២១។

ប្រភពដដែលបានឲ្យដឹងទៀតថា កងទ័ពអាកាសថៃពិតជាត្រូវការ ក្បួនយន្តហោះចម្បាំងថ្មី ព្រោះយន្តហោះចម្បាំងចាស់ៗ ដែលមានដូចជាយន្តហោះចម្បាំងស៊េរី F-5 និង F-16 នោះត្រូវបានដាក់ឲ្យបម្រើការអស់ជាង ៣០ឆ្នាំមកហើយ។ អ្នកជំនាញទ័ពអាកាសថៃបានសង្កត់ធ្ងន់់ថា យន្តហោះចម្បាំងដែលចាស់ៗ គឺត្រូវការឲ្យចំណាយប្រាក់ដើម្បីមើលថែទាំ ហើយហានិភ័យដែលពួកវាអាចបង្កឡើង ក៏កាន់តែខ្ពស់ផងដែរ។

គួរបញ្ជាក់ថា យន្តហោះចម្បាំងត្រកូល F-35 គឺជាប្រភេទយន្តហោះចម្បាំង ដែលសហរដ្ឋអាមេរិក និងបណ្តាសម្ព័ន្ធមិត្តរបស់ខ្លួន ពេញនិយមបំផុតក្នុងការប្រើប្រាស់។ ផលិតផលរបស់ក្រុមហ៊ុនអាមេរិក Lockheed Martin មួយនេះ បច្ចុប្បន្នមានតម្លៃខ្លួនប្រមាណ ៨២លានដុល្លារអាមេរិកក្នុងមួយគ្រឿង ខណៈកាលពីជំនាន់ F-35 នេះទើបចេញដំបូងៗ វាមានតម្លៃរហូតដល់ទៅ ១៤១លានដុល្លារអាមេរិកឯណោះ នៅក្នុងមួយគ្រឿង។

បើតាមប្រភពដដែល កងទ័ពអាកាសថៃក៏បានធ្វើការប្រៀបធៀប តម្លៃនៃ F-35 ជាមួយយន្តហោះ សាអាប់ គ្រីភែន (Saab Gripen) ផលិតនៅប្រទេសស៊ុយអែតផងដែរ ដោយយន្តហោះ Saab Gripen ក្នុងមួយគ្រឿងមានតម្លៃរហូតដល់ ៨៥លានដុល្លារអាមេរិកឯណោះ។ យ៉ាងណាក៏ដោយ ក្រោយការចរចារវាងថៃ និងអាមេរិក កងទ័ពអាកាសថៃរំពឹងថា នឹងទទួលបាន F-35 នៅក្នុងតម្លៃទាបជាង ៨០លានដុល្លារអាមេរិក នៅក្នុងមួយគ្រឿងវិញ៕