(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុបរហូតដល់ទៅ ៥៧២,០២៩នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១,៣៦២នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពី គេហទំព័រ Worldometers នាព្រឹកថ្ងៃសុក្រ ទី៣១ ខែធ្នូ ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៥៥,២៥២,៨២៣ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៨៤៥,៧៤៥នាក់ និងជាសះស្បើយឡើងសរុបជាង ៤១.៤៦លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

ក្រុមអ្នកជំនាញផ្នែកសុខាភិបាល និងអភិបាលរដ្ឋនានានៃសហរដ្ឋអាមេរិក បានចេញសេចក្តីព្រមានធ្ងន់ៗដូចគ្នា នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយជំរុញពលរដ្ឋអាមេរិកាំងទាំងអស់ ត្រៀមខ្លួនឲ្យបានរួចរាល់ សម្រាប់ស្ថានភាពធ្ងន់ធ្ងរនៃព្យុះរលកបោកបក់ បង្កឡើងដោយមេរោគបំប្លែងថ្មី អូមីក្រុង (Omicron) ដែលបានគំរាមកំហែងមន្ទីរពេទ្យ, សាលារៀន និងវិស័យផ្សេងៗទៀត ជាពិសេសគឺកំពុងប៉ះពាល់ដល់ ជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ បន្ថែមពីនេះ ខណៈអាជ្ញាធរសុខាភិបាល ក៏កំពុងត្រៀមអនុម័ត វ៉ាក់សាំងបង្ការ COVID-19 «ដូសជំរុញ» សម្រាប់ក្មេងជំទង់អាយុចាប់ពី ១២ឆ្នាំ ដល់ ១៥ឆ្នាំ ផងដែរ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៥០៦លានដូស ក្នុងនោះប្រជាជន ២៤៣.១៨លាននាក់ (៧៣.៨% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស, ២០៤.០៥លាននាក់ (៦១.៩% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ៦៧.៨៧លាននាក់ (២០.៦% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់ដូសជំរុញ៕