(ឡុងដ៍)៖ វាជាថ្ងៃទីពីរហើយដែលចក្រភពអង់គ្លេស ជួបប្រទះករណីឆ្លងជំងឺ COVID-19 រហូតដល់ក្បែរខ្ទង់ ២សែននាក់ក្នុង ១ថ្ងៃ ខណៈករណីឆ្លងសរុបរហូតដល់ទៅ ១៨៩,២១៣នាក់ ត្រូវបានកត់ត្រាក្នុងរយៈពេល ២៤ម៉ោង កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ និងអ្នកជំងឺ ៣៣២នាក់ទៀតបានបាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសុក្រ ទី៣១ ខែធ្នូ ឆ្នាំ២០២១។

ចំនួនករណីឆ្លងខាងលើនេះ គឺជាការបន្តបំបែកកំណត់ត្រាថ្មី បន្តពីថ្ងៃពុធសប្តាហ៍នេះ ដែលត្រូវបានបង្កឡើងដោយវីរុស COVID-19 បំប្លែងថ្មី Omicron។ Omicron ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រអង់គ្លេសផ្ទាល់រកឃើញថា ជារីរុសដែលមានសមត្ថភាពចម្លង បានយ៉ាងលឿនរហ័សជាងវីរុស Delta ប៉ុន្តែវាមិនអាចបង្កឲ្យឈឺធ្ងន់ ឬដល់ថ្នាក់ចូលសម្រាកមន្ទីរពេទ្យច្រើនដូច Delta នោះឡើយ។

យ៉ាងណាក៏ដោយ អាជ្ញាធរអង់គ្លេសនៅតែជំរុញឲ្យប្រជាជន បង្កើនការប្រុងប្រយ័ត្ន ព្រោះការឆ្លងជំងឺក្នុងចំនួនច្រើន និងការចូលសម្រាកមន្ទីរពេទ្យកកកុញ នឹងធ្វើឲ្យប្រព័ន្ធសុខាភិបាល ពិបាកទប់ទល់នឹងស្ថានការណ៍អាក្រក់ទាំងនេះណាស់ ហើយអត្រាស្លាប់ក៏នឹងអាចកើនឡើង ទៅតាមនោះផងដែរ។ គិតត្រឹមសប្តាហ៍មុននេះ ចំនួនអ្នកជំងឺ COVID-19 នៅទូទាំងដែនដីអង់គ្លេសបានកើនឡើងជាង ៤,០០០នាក់បន្ថែមទៀត រហូតដល់ចំនួនសរុប ១១,៤៥២នាក់៕