(ម៉ូស្គូ)៖ ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅតំបន់អឺរ៉ុបខាងកើត នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានកើនឡើងលើស ១លាននាក់ហើយ ខណៈដែលវីរុសបំប្លែងថ្មី Omicron កំពុងគំរាមកំហែងវាយលុកក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣១ ខែធ្នូ ឆ្នាំ២០២១។

ប្រទេសចំនួន៣ ក្នុងចំណោមប្រទេសចំនួន៥ ដែលបានរាយការណ៍ពីចំនួនអ្នកស្លាប់ដោយសារ COVID-19 ប្រចាំថ្ងៃខ្ពស់បំផុតនៅតំបន់អឺរ៉ុប គឺមកពីតំបន់អឺរ៉ុបខាងកើត រួមមានប្រទេស រុស្ស៊ី ប៉ូឡូញ និងអ៊ុយក្រែន។

តំបន់អឺរ៉ុបខាងកើត មានប្រជាជនរស់នៅប្រហែល ៣៩ភាគរយនៃចំនួនប្រជាជនសរុបនៅទូទាំងតំបន់អឺរ៉ុប ដែលបានរាយការណ៍ពីចំនួនអ្នកស្លាប់ដោយសារ COVID-19 ច្រើនជាងពាក់កណ្តាលនៃចំនួនអ្នកស្លាប់សរុបនៅទូទាំងតំបន់អឺរ៉ុបនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានកើនឡើងដល់ ១,០៤៥,៤៥៤នាក់ហើយ ខណៈអ្នកស្លាប់សរុប នៅទូទាំងតំបន់អឺរ៉ុបមានចំនួន ១,៨៧៣,២៥២នាក់។ ប៉ុន្តែ ករណីឆ្លងវីរុសបំប្លែងថ្មី Omicron ត្រូវបានគេរកឃើញតិចតួចបំផុតនៅតំបន់អឺរ៉ុបខាងកើត ផ្ទុយពីតំបន់អឺរ៉ុបខាងលិច ដែលករណីឆ្លងប្រចាំថ្ងៃបានឈានដល់ការបំបែកកំណត់ត្រា។

គួរបញ្ជាក់ថា តំបន់អឺរ៉ុបខាងកើតរួមមាន ប្រទេសបេឡារុស (Belarus), ប៊ុលហ្គារី (Bulgaria), សាធារណរដ្ឋឆែក (Cech Republic), ហុងគ្រី (Hungary), ម៉ុលដាវី (Moldova), ប៉ូឡូញ (Poland), រូម៉ានី (Romania), រុស្ស៊ី (Russia), ស្លូវ៉ាគី (Slovakia) និងអ៊ុយក្រែន (Ukraine)៕