(សៀងហៃ)៖ អ្នកនាំពាក្យម្នាក់នៃស្ថានទូតចិនប្រចាំចក្រភពអង់គ្លេស បាននិយាយថាប្រតិបត្តិការចុះឆែកឆេររបស់ប៉ូលិសហុងកុង លើទីស្នាក់ការសារព័ត៌មាន Stand News ក្នុងសប្ដាហ៍នេះគឺជារឿងស្របច្បាប់ និងមិនគួរទទួលរងការរិះគន់ទាល់តែសោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣១ ខែធ្នូ ឆ្នាំ២០២១។

ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ អ្នកនាំពាក្យស្ថានទូតចិន បានបញ្ជាក់ដូច្នេះថា «សិទ្ធិ និងផលប្រយោជន៍របស់ប្រជាជនហុងកុង រួមទាំងសេរីភាពបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន ត្រូវបានការពារដោយច្បាប់។ ភាគីចិនជាថ្មីម្ដងទៀត ជំរុញឱ្យចក្រភពអង់គ្លេស កែតម្រូវកំហុសរបស់ខ្លួន និងបញ្ឈប់ ការលូកលាន់កិច្ចការផ្ទៃក្នុងរបស់ទីក្រុងហុងកុងដែលជាកិច្ចការផ្ទៃក្នុងរបស់ចិន»

គួរបញ្ជាក់ថា ប្រតិកម្មខាងលើពីសំណាក់ស្ថានទូតចិន ធ្វើឡើងបន្ទាប់ពីមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការអាស៊ីនៃចក្រភពអង់គ្លេស លោកស្រី Amanda Milling បានបង្ហោះ សារមួយនៅលើ Twitter ថាការចាប់ខ្លួនអ្នកសារព័ត៌មាន Stand News គឺជាសកម្មភាពបំផ្លាញសេរីភាពបញ្ចេញមតិនៅក្នុងទីក្រុងហុងកុង។ ប៉ួលិសហុងកុងមានគ្នាជាង ២០០នាក់ នៅថ្ងៃពុធសប្ដាហ៍នេះ បានវាយឆ្មក់ចុះឆែកឆេរទីស្នាក់ការនៃសារព័ត៌មាន Stand News ដោយបង្កកទ្រព្យសម្បត្តិ និងបានចាប់ខ្លួនមនុស្ស ៧នាក់ ក្នុងនោះមាន ទាំងអតីត និងបុគ្គលិកបច្ចុប្បន្ន រួមទាំងនិពន្ធនាយកជាន់ខ្ពស់២នាក់ នៃសារព័ត៌មានអនឡាញមួយនេះ។

បន្ថែមពីលើនេះ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះដែរ អតីតនិពន្ធនាយកជាន់ខ្ពស់២នាក់ នៃសារព័ត៌មាន Stand News ត្រូវបានចោទប្រកាន់ពីបទសមគំនិតចេញផ្សាយ អត្ថបទព័ត៌មានដែលមានលក្ខណៈបង្កឱ្យមានការបះបោរ៕