(បុមបៃ)៖ ជំងឺរាត្បាតសកលកូវីដ១៩ នឹងរារាំងការប្រារព្ធពិធីចូលឆ្នាំថ្មីនៅជុំវិញពិភពលោកជាលើកទីពីរ ដោយរដ្ឋាភិបាលក្នុងប្រទេសជាច្រើនបានប្រញាប់ប្រញាល់ចាត់វិធានការរឹតត្បិត ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែធ្នូ ឆ្នាំ២០២១។

យោងតាមទិន្នន័យរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដឹងថា ការឆ្លងជំងឺកូវីដ១៩ ជាសកលបានកើនឡើងខ្ពស់បំផុតក្នុងរយៈពេលប្រាំពីរថ្ងៃកន្លងមកនេះ ដោយជាមធ្យមមានជិតមួយលានករណីត្រូវបានរកឃើញជារៀងរាល់ថ្ងៃនៅទូទាំងពិភពលោក នៅចន្លោះពីថ្ងៃទី២៣ និង២៩ ខែធ្នូ។

គួរបញ្ជាក់ថា ដោយសារឥទ្ធិពលនៃវីរុសបំប្លែងខ្លួនថ្មីអូមីក្រុង (Omicron) រីករាលដាលដូចជាភ្លើងឆេះព្រៃ ប្រទេសជាច្រើនបានបំបែកកំណត់ត្រាខ្ពស់បំផុត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ក្នុងនោះរួមទាំងប្រទេសអាហ្សង់ទីន អូស្ត្រាលី បូលីវី សហរដ្ឋអាមេរិក បារាំង និងអ៊ីតាលីជាដើម៕