(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន១៧,០០០ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News នៅយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១។

ក្នុងចំណោមករណីឆ្លងខាងលើ មាន២០ករណីជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុក។ រដ្ឋធានីហាណូយដែលបច្ចុប្បន្នកំពុងប្រែក្លាយជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីថ្ងៃនេះចំនួន១,៨៦៦ករណី ខណៈហូជីមិញបានរាយការណ៍ ចំនួន៦៩៧ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Cà Mau មានចំនួន១,០០៩ករណី, ខេត្ត Tây Ninh ចំនួន៩៣៥ករណី និងខេត្ត Hải Phòng ចំនួន៧៨៨ករណី។

ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះដែរ ក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ ចំនួន២៩១នាក់បន្ថែមទៀតផងដែរ។

សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១នេះវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១,៧១៤,៧៤២នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១,៣៣៦,៦៤៤នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ៣២,១៦៨នាក់៕