(ប៉េកាំង)៖ ទោះជាពេញមួយឆ្នាំសុទ្ធតែរាំងស្ងួតក្តី ប៉ុន្តែពឹងផ្អែកលើការគ្រប់គ្រងអេកូបរិស្ថានរាប់សិបឆ្នាំកន្លងមក ភូមិ Gaoxigou ស្រុកMizhi ខេត្ត Shhanxi ដែលស្ថិតលើខ្ពង់រាបដីលឿង បានក្លាយជាតំបន់ភ្នំបៃតងទឹកថ្លាដ៏ស្រស់ស្អាត។ កាលពីខែកញ្ញាឆ្នាំ២០២១ លោក Xi Jinping អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានទៅត្រួតពិនិត្យការងារក្នុងភូមិ Gaoxigou និងបានកោតសរសើរថា ភូមិនេះជាគំរូនៃការគ្រប់គ្រងបរិស្ថានខ្ពង់រាបដីលឿង។

ឆ្នាំថ្មីប្រពៃណីចិនកាន់តែខិតជិតមកដល់ ប៉ុន្មានថ្ងៃនេះ លោកតា Jiang liangbiao ដែលជាលេខាធិការបក្សកុម្មុយនិស្តចិនប្រចាំភូមិ Gaoxigou កំពុងជាប់រវល់ពីការណែនាំកសិផលពិសេសរបស់អ្នកភូមិ ដូចជាផ្លែប៉ោមនិង ផ្លែសារីដាំលើភ្នំទៅកាន់សហគ្រាស៖ «រយៈពេលមួយខែកន្លងមកនេះ ពួកយើងលក់បានចំនួនជាង ២,០០០កេស បុណ្យចូលឆ្នាំថ្មីសកល បុណ្យចូលឆ្នាំប្រពៃណីចិន គឺរដូវកាលលក់កសិផលល្អបំផុត»។ កសិផលពិសេសទាំងនេះបាននិងកំពុងដឹកជញ្ជូន ទៅកាន់គ្រប់ទីកន្លែងតាមរយៈបណ្តាញពាណិជ្ជកម្មអេឡិចត្រូនិក។

សូមបញ្ជាក់ថា ជាង៦០ឆ្នាំកន្លងមក អ្នកភូមិ Gaoxigou បានគ្រប់គ្រងដោយជោគជ័យនូវភ្នំចំនួន៤០ ប្រឡាយចំនួន២១ បានបំពេញតាមពាក្យសន្យាដែលថា «មិនឱ្យខ្សាច់មួយគ្រាប់ធ្លាក់ចូលក្នុងទន្លេលឿងទេ»។ បច្ចុប្បន្ននេះអត្រាគ្រប់ដណ្តប់នៃព្រៃនិងស្មៅ ក្នុងភូមិ Gaoxigou បានកើនដល់៧០%។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ភូមិ Gaoxigou បានខិតខំអភិវឌ្ឍកសិកម្មពិសេស ដោយការដាំផ្លែប៉ោមតាមភ្នំ ដែលបានជួយបង្កើនប្រាក់ចំណូលរបស់អ្នកភូមិម្នាក់ៗ ក្នុងឆ្នាំ២០២០ ឱ្យឡើងដល់ ១៨,៨៥១យាន់ប្រាក់ចិន។ ក្រៅពីនេះភូមិនេះក៏កំពុងខិតខំអភិវឌ្ឍអេកូទេសចរណ៍និងការកម្សាន្ត បែបកសិកម្ម ខណៈប្រាក់ចំណូលរបស់ភូមិដែលទទួលបានពីវិស័យទេសចរណ៍ រំពឹងថាឡើងដល់២០ម៉ឺនយាន់ប្រាក់ចិនក្នុងឆ្នាំ២០២១ ។

លោកតា Jiang liangbiao បានប្រាប់ថា ពួកយើងទទួលបានលមិទ្ធផលបែបនេះ គឺព្រោះបានអនុវត្តតាមទស្សនៈទឹកស្អាតភ្នំបៃតង ជាភ្នំមាសភ្នំប្រាក់។ សម្រាប់ឆ្នាំ២០២២ខាងមុខ ប្រាថ្នាដ៏ធំបំផុតរបស់ខ្ញុំគឺភូមិយើងអាចមានការអភិវឌ្ឍថ្មីថែមទៀត ដើម្បីឱ្យបងប្អូនអ្នកភូមិទាំងចាស់ក្មេងប្រុសស្រីមានជីវភាពកាន់តែល្អបវរ៕