(សេអ៊ូល)៖ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ (Park Geun-hye) ត្រូវបានអាជ្ញាធរកំណត់ ឲ្យធ្វើការដោះលែងចេញពីពន្ធនាគារ នៅវេលាពាក់កណ្តាលយប់ថ្ងៃព្រហស្បតិ៍នេះតែម្តង (ម៉ោងនៅទីក្រុងសេអ៊ូល) តែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកស្រី ទទួលបានការលើកលែងទោសពីរដ្ឋាភិបាល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yonhap នារសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែធ្នូ ឆ្នាំ២០២១។

កាលពីសប្តាហ៍មុននេះ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន (Moon Jae-in) បានសម្រេចផ្តល់ការលើកលែងទោសពិសេសមួយ ដល់លោកស្រី Park Geun-hye ដោយយោងលើមូលហេតុចម្បងៗចំនួន ២ នោះគឺលោកស្រីកំពុងមានបញ្ហាសុខភាពធ្ងន់ធ្ងរ និងដើម្បីជាសញ្ញាបង្ហាញអំពីការរួបរួមជាតិ ខណៈការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីកូរ៉េខាងត្បូងអាណត្តិថ្មី នឹងឈានចូលមកដល់នៅក្នុងពេលឆាប់ៗ។

លោកស្រី ផាក គឺនហេ ដែលបច្ចុប្បន្នមានវ័យ ៦៩ឆ្នាំ ត្រូវបានគេដឹងថា កំពុងជាប់ពន្ធនាគារជាមួយនឹងជំងឺប្រចាំការធ្ងន់ធ្ងរ។ លោកស្រី ផាក បានក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូង ដំបូងគេក្នុងប្រវត្តិសាស្ត្រ ដែលត្រូវបានទម្លាក់ចេញពីតំណែង ពេលកំពុងកាន់អំណាចកាលពីឆ្នាំ២០១៧ ដោយតុលាការធម្មនុញ្ញ ជុំវិញរឿងអាស្រូវពុករលួយ និងការគប់គិតគ្នាជាមួយមនុស្សជំនិត ក្នុងការទទួលបានប្រាក់មូលនិធិ រាប់លានដុល្លារពីក្រុមហ៊ុនធំៗក្នុងប្រទេស ដើម្បីបម្រើផលប្រយោជន៍ក្រុមគ្រួសារខ្លួនឯង។

កាលពីខែមករា ដើមឆ្នាំ២០២១ តុលាការកំពូលកូរ៉េខាងត្បូង បានទម្លាក់ចោលនូវការផ្ទន្ទាទោសលោកស្រី ផាក ដាក់ពន្ធនារយៈពេល ២០ឆ្នាំពីបទពុករលួយ និងបានផ្តល់ឱកាសជាលើកដំបូងឲ្យលោកស្រី បញ្ចប់ដំណើរការតតាំងតាមផ្លូវច្បាប់ ដែលកាលណោះត្រូវបានគេមើលឃើញថា លោកស្រីអាចនឹងទទួលបានការលើកលែងទោស៕