(ញូយ៉ក)៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នៅថ្ងៃពុធសប្ដាហ៍នេះ បានថ្កោលទោសការសម្លាប់រង្គាលមនុស្សច្រើនជាង ៣០នាក់ នៅក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីសប្ដាហ៍មុន ខណៈកងទ័ពនៃរបបយោធា កំពុងរងការចោទប្រកាន់ថា ជាអ្នកស្ថិតនៅពីក្រោយទង្វើមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែធ្នូ ឆ្នាំ២០២១។

ការសម្លាប់រង្គាលខាងលើត្រូវបានគេរាយការណ៍ថា បានកើតឡើងអំឡុងរដូវកាលបុណ្យណូអែល នៅក្នុងរដ្ឋ កាយ៉ាហ៍ (Kayah) ស្ថិតនៅភាគខាងកើតប្រទេសមីយ៉ាន់ម៉ា ជាទីដែលកម្លាំងឧទ្ទាមគាំទ្រលទ្ធិប្រជាធិបតេយ្យ កំពុងតស៊ូវាយប្រយុទ្ធជាមួយកងទ័ពនៃរបបយោធា។ នៅសេចក្ដីថ្លែងការណ៍របស់ខ្លួន ចេញផ្សាយនៅល្ងាចថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅញូយ៉ក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ពីភាពចាំបាច់ ត្រូវតែរកអ្នកទទួលខុសត្រូវលើទង្វើនេះ ជាមួយការអំពាវនាវឱ្យមាន ការបញ្ឈប់អំពើហិង្សាជាបន្ទាន់ និងគោរពសិទ្ធិមនុស្ស ព្រមទាំងការធានាសុវត្ថិភាពដល់ជនស៊ីវិល។

គួរបញ្ជាក់ថា បើសេចក្ដីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ មនុស្សយ៉ាងហោច ៣៥នាក់ ក្នុងនោះរួមមានកុមារ ៤នាក់ និងបុគ្គលិក ២នាក់ មកពីអង្គការសង្គ្រោះកុមារ (Save the Children) ដែលជាអង្គការក្រៅរដ្ឋាភិបាល ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ ដែលក្រុមឧទ្ទាមអះអាងថា ជាស្នាដៃរបស់កងទ័ពនៃរបបយោធា។ ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ចូលក្នុងភាពចលាចលដ៏ហិង្សា ចាប់តាំងពីផ្ទុះព្រឹត្តិការណ៍ថ្ងៃទី០១ ខែកុម្ភៈ ដើមឆ្នាំ២០២១ ដែលសហគមន៍អន្តរជាតិចាត់ទុកថា ជាការធ្វើរដ្ឋប្រហារយោធាទម្លាក់ រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អោង សាន ស៊ូ ជី ពីអំណាច ហើយបើតាមអង្គការសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ា មនុស្សច្រើនជាង ១,៣០០នាក់បានស្លាប់ នៅក្នុងការបង្រ្កាបរបស់កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា៕