(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិកនៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានតែងតាំងបេសកជនពិសេសមា្នក់ ដើម្បីការពារសិទ្ធិស្ត្រីអាហ្វហ្គានីស្ថាន ដោយបង្កើនកិច្ចខិតខំប្រឹងប្រែង លើបញ្ហាជាអាទិភាពសំខាន់មួយ ខណៈដែលក្រុមតាលីបង់កំពុងបង្កើនការរឹតត្បឹត ទៅលើសិទ្ធិស្ត្រីទាំងនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែធ្នូ ឆ្នាំ២០២១។

រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីងគែន (Antony Blinken) បានប្រកាសថា លោកស្រី រីណា អាមៀរី (Rina Amiri) អ្នកជំនាញផ្នែកសម្របសម្រួលអាមេរិក ដើមកំណើតអាហ្វហ្គានីស្ថាន ដែលធ្លាប់បម្រើការងារឲ្យអតីតរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា (Barack Obama) នឹងទទួលតួនាទីជាបេសកជនពិសេស ទទួលបន្ទុកលើកិច្ចការការពារសិទ្ធិស្ត្រី សិទ្ធិកុមារី និងសិទ្ធិមនុស្សអាហ្វហ្គានីស្ថាន។

គួរបញ្ជាក់ថា ប៉ុន្មានខែបន្ទាប់ពីសហរដ្ឋអាមេរិក បានបិទបញ្ចប់សង្គ្រាមរយៈពេល ២០ឆ្នាំរបស់ខ្លួននៅប្រទេសអាហ្វហ្គានីស្ថាន លោក Antony Blinken បានថ្លែងថា លោកស្រី Rina Amiri នឹងដោះស្រាយបញ្ហាដែលមានសារៈសំខាន់ចំពោះខ្ញុំ និងបញ្ហាដែលនៅសល់ នៃរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។ រដ្ឋមន្ត្រីការបរទេសរូបនេះ បានបញ្ជាក់បន្ថែមថា «យើងចង់បានប្រទេសអាហ្វហ្គានីស្ថាន ដែលមានសន្តិភាព ស្ថិរភាព និងសន្តិសុខ ដែលប្រជាជនអាហ្វហ្គានីស្ថានទាំងអស់ អាចរស់នៅ និងមានភាពរីកចម្រើនក្នុងផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម»

គួរបញ្ជាក់ថា អាជ្ញាធរតាលីបង់បានដកហូតនូវ សិទ្ធិសេរីភាពស្រ្តីអាហ្វហ្គានីស្ថានជាបន្តបន្ទាប់ បន្ទាប់ពីការកាន់កាប់អំណាច កាលពីខែសីហាកន្លងទៅ ដោយប្រាប់ស្ត្រីដែលធ្លាប់តែធ្វើការដូចបុរសនោះ ត្រូវបានបញ្ជាឱ្យស្នាក់នៅផ្ទះវិញ និងមិនឱ្យបង្ហាញមុខនៅក្នុងជួររដ្ឋាភិបាលឡើយ។ ពួកគេបានអះអាងថា វាគ្រាន់តែជាបណ្តោះអាសន្នប៉ុណ្ណោះ ប៉ុន្តែមនុស្សជាច្រើនមានការមិនទុកចិត្ត និងកំពុងទទួលស្គាល់ថា វានឹងកើតឡើងវិញម្ដងទៀតដូចប្រវត្តិសាស្ត្រ។ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ពួកគេក៏បានហាមប្រាមស្ត្រីមិនឱ្យធ្វើដំណើរផ្លូវឆ្ងាយ ដោយគ្មានអ្នកដឹកនាំជាបុរសផងដែរ៕