(វ៉ាស៉ីនតោន)៖ ទិន្នន័យចុងក្រោយពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) របស់សហរដ្ឋអាមេរិក បានបង្ហាញថា គិតត្រឹមព្រឹកថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) សហរដ្ឋអាមេរិក បានផ្ដល់ការចាក់វ៉ាក់សាំងបង្ការ COVID-19 ជូនដល់ប្រជាជនរបស់ខ្លួនចំនួន ៥០៣,៤៨០,៦៦៧ដូស និងបានចែកចាយវ៉ាក់សាំងចំនួន ៦០៩,៥៨៩,៩៥៥ដូស នៅទូទាំងប្រទេសរួចរាល់ហើយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៨ ខែធ្នូ ឆ្នាំ២០២១។

បើតាម CDC សហរដ្ឋអាមេរិក ប្រជាជនចំនួន ២៤២,៤៣៣,៦២០នាក់ បានទទួលការចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ០១ដូស ខណៈដែលប្រជាជនចំនួន ២០៥,១៩៦,៩៧៣នាក់ទៀត បានទទួលការចាក់វ៉ាក់សាំងពេញលេញ ដោយប្រើប្រាស់វ៉ាក់សាំងដែលចាក់ចំនួន ០២ដូស គឺវ៉ាក់សាំង Moderna និង Pfizer-BioNTech ក៏ដូចជាវ៉ាក់សាំងដែលចាក់តែមួយដូស គឺវ៉ាក់សាំង Johnson & Johnson។

ប្រជាជនជាង ៦៦លាននាក់ ក៏បានទទួលការចាក់វ៉ាក់សាំងដូសជំរុញរួចរាល់ហើយដែរ ដោយប្រើប្រាស់វ៉ាក់សាំង Pfizer ឬក៏ Moderna គិតចាប់តាំងពីថ្ងៃទី១៣ ខែសីហា នៅពេលដែលសហរដ្ឋអាមេរិក បានអនុម័តឱ្យចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ សម្រាប់អ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ៕