(ស៉ីដនី)៖ ប្រទេសអូស្រ្តាលីនៅថ្ងៃអង្គារនេះ បានរាយការណ៍ពីការរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ៩,៩៦៧ករណីបន្ថែមទៀត ដែលជាការកើនឡើងនូវករណីឆ្លងប្រចាំថ្ងៃ ខ្ពស់បំផុតមួយ ដោយសារតែការផ្ទុះឡើងនៃវីរុស COVID-19 បំប្លែងថ្មី អូមីក្រុង (Omicron) ដែលធ្វើឱ្យរំខានដល់ការបើកសេដ្ឋកិច្ចឡើងវិញ ជាដំណាក់កាលៗ ខណៈមេដឹកនាំតាមរដ្ឋមួយចំនួន បានជជែកតវ៉ាអំពីការគ្រប់គ្រងព្រំដែនក្នុងស្រុក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែធ្នូ ឆ្នាំ២០២១។

ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ ករណីឆ្លងភាគច្រើនត្រូវបានរកឃើញ នៅក្នុងរដ្ឋដែលមានប្រជាជនច្រើនជាងគេចំនួន ៣ គឺរដ្ឋញូសោតវែលស៍ (New South Wales ឬ NSW), វិចតូរៀ (Victoria) និងឃ្វីនស៍ឡែនដ៍ (Queensland)។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ០៥នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ។

វីរុស COVID-19 បំប្លែងថ្មី Omicron បានចាប់ផ្តើមឆ្លងរីករាលដាល នៅក្នុងប្រទេសអូស្ត្រាលី ខណៈដែលប្រទេសនេះកំពុងដំណើរការ ផែនការបើកសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីការបិទខ្ទប់អស់រយៈពេលជិត ២ឆ្នាំ។ ជាមួយនឹងការកើនឡើងវិញនៃចំនួនករណីឆ្លង បើទោះបីជាអត្រានៃការចាក់វ៉ាក់សាំង បានឈានដល់ជាង ៩០ភាគរយនៃជនជាតិអូស្ត្រាលី ដែលមានអាយុលើសពី ១៦ឆ្នាំក៏ដោយ ក៏មេដឹកនាំរដ្ឋនីមួយៗបាននាំយកមកវិញ នូវវិធានការទប់ស្កាត់មួយចំនួន ដូចជាការដាក់ចេញនូវកាតព្វកិច្ចពាក់ម៉ាស និងការស្គេន QR Code នៅកន្លែងសាធារណៈជាដើម។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសអូស្រ្តាលីបានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ៣២២,០៦៣ករណី ក្នុងនោះមានអ្នកស្លាប់ ២,២០២នាក់ និងអ្នកជាសះស្បើយ ២៣៧,៦៩៦នាក់៕