(វីយ្យែន)៖ កិច្ចចរចាដោយប្រយោលរវាងអ៉ីរ៉ង់ និងសហរដ្ឋអាមេរិក ដើម្បីសង្រ្គោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥ បានចាប់ផ្ដើមជាថ្មីហើយ នៅថ្ងៃចន្ទសប្ដាហ៍នេះ ដោយទីក្រុងតេហេរ៉ង់ ផ្តោតជាសំខាន់លើការដកទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៨ ខែធ្នូ ឆ្នាំ២០២១។

ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក មានគោលដៅចម្បងលើវិស័យប្រេង ដែលជាប្រភពចំណូលដ៏សំខាន់របស់អ៉ីរ៉ង់។ ទីក្រុង តេហេរ៉ង់ មិនបានបញ្ចេញទិន្នន័យជាក់លាក់ពីផល ប៉ះពាល់បង្កឡើងដោយទណ្ឌកម្មរបស់អាមេរិកនោះទេ ប៉ុន្តែការវាយតម្លៃជាច្រើនដោយផ្អែកលើការដឹកជញ្ជូន និងប្រភពជាច្រើនទៀតបានឱ្យដឹងថាការនាំចេញប្រេងរបស់ អ៉ីរ៉ង់បានថយចុះពី ២.៨លានបារ៉ែលក្នុងមួយថ្ងៃកាលពីឆ្នាំ២០១៨ មកនៅត្រឹមជាមធ្យម ២០០,០០០បារ៉ែលប៉ុណ្ណោះក្នុងមួយថ្ងៃ នាពេលបច្ចុប្បន្ន។

គួរបញ្ជាក់ថា កិច្ចចរចាជុំទី៧ ក្នុងទីក្រុងវីយ្យែន ប្រទេសអូទ្រីស បានបិទបញ្ចប់កាលពីជាង១០ថ្ងៃមុន ដោយមិនមានភាពជឿនលឿនអ្វីគួរឱ្យកត់សម្គាល់នោះទេ ខណៈក្រុមមន្ត្រីអឺរ៉ុបព្រមានថាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥ នឹងក្លាយជាគ្មានបានការនៅប៉ុន្មានសប្ដាហ៍មុខនេះ ប្រសិនបើនៅតែមិនមានភាពរីកចម្រើនណាមួយ នៅក្នុងកិច្ចចរចា ទេនោះ៕