(វ៉ាស៉ីនតោន)៖ ជាមួយករណីឆ្លងវីរុស COVID-19 បំប្លែងថ្មី Omicron ដែលកំពុងកើនឡើងយ៉ាងគំហុក មន្រ្តីសុខាភិបាលនៅរដ្ឋញូយ៉ក បានរាយការណ៍ពីការកើនឡើងនៃកុមារដែលចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខណៈសេតវិមាន នៅថ្ងៃអាទិត្យ ទី២៦ ខែធ្នូ (ពេលវេលានៅវ៉ាស៉ីនតោន) បានសន្យាថា នឹងដោះស្រាយបញ្ហាកង្វះខាតការធ្វើតេស្តរក COVID-19 ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃចន្ទ ទី២៧ ខែធ្នូ ឆ្នាំ២០២១។

នាយកដ្ឋានសុខាភិបាលនៃរដ្ឋញូយ៉ក បានព្រមានពី «និន្នាការកើនឡើងនៃការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យរបស់កុមារ ដោយសារ COVID-19» នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ដោយបាននិយាយថា នៅទីក្រុងញូយ៉ក «មានការកើនឡើងទ្វេជា៤ នៃការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារ COVID-19 សម្រាប់ក្មេងអាយុ ១៨ឆ្នាំចុះក្រោម គិតចាប់ពីថ្ងៃទី៥ ខែធ្នូ រហូតដល់សប្តាហ៍នេះ។ ប្រហែលពាក់កណ្តាលនៃពួកគេ គឺក្មេងអាយុក្រោម៥ឆ្នាំ ដែលជាក្រុមអាយុមិនទាន់មាន សិទ្ធិទទួលបានការចាក់វ៉ាក់សាំង»

អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិក លោក អាន់តូនី ហ្វូស៉ី (Anthony Fauci) នៅថ្ងៃអាទិត្យសប្ដាហ៍កន្លងទៅ បានទទួលស្គាល់ថា មាន «បញ្ហាការធ្វើតេស្តរក COVID-19» ហើយបានប្តេជ្ញាថា «នឹងបង្កើនការធ្វើតេស្តបន្ថែមទៀត សម្រាប់ជនជាតិអាមេរិកនៅខែក្រោយ»

លោក Anthony Fauci បានគូសបញ្ជាក់ប្រាប់សារព័ត៌មាន ABC News ថា «បញ្ហាមួយក្នុងចំណោមនោះ គឺថាវានឹងមិនមានគ្រប់គ្រាន់សម្រាប់គ្រប់គ្នាទេ រហូតទាល់តែដល់ខែមករា ឆ្នាំ២០២២ ហើយឥឡូវនៅតែមានបញ្ហាមួយចំនួនដដែល ដោយអ្នកខ្លះពិបាកនឹងទទួលបានការធ្វើតេស្ត។ ប៉ុន្តែយើងកំពុងដោះស្រាយបញ្ហាការធ្វើតេស្តនេះហើយ ដោយ វាគួរតែអាចត្រូវដោះស្រាយ បានក្នុងពេលឆាប់ៗនេះ»

គួរបញ្ជាក់ថា បើតាមតួលេខពីសាកលវិទ្យាល័យ Johns Hopkins ចំនួនករណីឆ្លង COVID-19 នៅសហរដ្ឋអាមេរិកកំពុងកើនឡើងយ៉ាងគំហុក ដោយជាមធ្យមមានអ្នកឆ្លងថ្មីៗជិត ១៩០,០០០នាក់ជារៀងរាល់ថ្ងៃ ក្នុងរយៈពេល ០៧ថ្ងៃកន្លងមកនេះ៕