(អាមេរិក)៖ រូបភាពនានាដែលត្រូវបានផ្តិតយក ដោយផ្កាយរណបក្រុមហ៊ុនឯកជនមួយ នៅសហរដ្ឋអាមេរិកបានបង្ហាញថា រុស្ស៊ីនៅតែបន្តបង្កើនចំនួនយោធា និងសព្វាវុធ នៅតាមតំបន់ព្រំដែនជាប់ប្រទេសអ៊ុយក្រែន ចំពោះមុខភាពតានតឹង ដែលលោកខាងលិចបាននិងកំពុងចោទប្រកាន់រុស្ស៊ីថា មានចេតនាបង្កការឈ្លានពាន នៅក្នុងពេលឆាប់ៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២១។

យ៉ាងណាក៏ដោយ Reuters មិនទាន់អាចបញ្ជាក់ការពិតបន្ថែមទៀត ពីបណ្តុំរូបភាពដែលត្រូវបានបញ្ចេញ ដោយក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក ម៉ាសារ (Maxar) ខាងលើនេះបាននៅឡើយទេ។ រដ្ឋាភិបាលរុស្ស៊ីនៅថ្ងៃសុក្រសប្តាហ៍នេះ បានអះអាងថា ខ្លួនមានសិទ្ធិក្នុងការចល័តកងកម្លាំង និងសព្វាវុធនៅលើទឹកដីរបស់ខ្លួន ខណៈកងទ័ពលោកខាងលិច បានធ្វើសមយុទ្ធយោធាបង្កហេតុជាច្រើនលើក នៅក្បែរទឹកដីរុស្ស៊ីកន្លងមកនេះ។

គួរបញ្ជាក់ថា មេដឹកនាំសហរដ្ឋអាមេរិក អឺរ៉ុប និងអ៊ុយក្រែន បានចោទប្រកាន់់រុស្ស៊ីជាបន្តបន្ទាប់ អំពីការដាក់ពង្រាយកងកម្លាំងយោធា នៅជាប់ព្រំដែនប្រទេសអ៊ុយក្រែន តាំងតែពីខែតុលាមកម្ល៉េះ។ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងមេដឹកនាំលោកខាងលិចឯទៀត បានចោទប្រកាន់ទីក្រុងម៉ូស្គូថា នឹងបើកការវាយប្រហារទៅលើប្រទេសអ៊ុយក្រែន យ៉ាងហោចណាស់នៅខែមករា ឆ្នាំ២០២២ បើទោះបីជារុស្ស៊ីបានប្រកែកម្តងហើយម្តងទៀតក៏ដោយ៕