(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យលោកស្រី Jen Psaki បាននិយាយថាសេតវិមានសូមស្វាគមន៍ ចំពោះអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានទទួល ការចាក់វ៉ាក់សាំងបង្ការ COVID-19 ដូសជំរុញ និងលើកទឹកចិត្តឱ្យប្រជាជនអាមេរិកប្រញាប់ទៅទទួលការចាក់វ៉ាក់សាំងដូសជំរុញដូចរូបលោកដែរ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៤ ខែធ្នូ ឆ្នាំ២០២១។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងវ៉ាស៊ីនតោន) លោកស្រី Jen Psaki បានបញ្ជាក់ដូច្នេះថា «យើងពិតជាស្វាគមន៍ដែលលោក អតីតប្រធានាធិបតី (ដូណាល់ ត្រាំ) ទទួលការចាក់វ៉ាក់សាំងបង្ការដូសជំរុញ ហើយយើងក៏សូមអរគុណដល់រូបលោកផងដែរដែលបានលើកឡើងនៅក្នុងបទសម្ភាសន៍ កាលពីពេលថ្មីៗនេះថាវ៉ាក់សាំងដូសជំរុញមានប្រសិទ្ធភាព និងមានសុវត្ថិភាព»

គួរបញ្ជាក់ថា នៅក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗនេះ, លោក ដូណាល់ ត្រាំ ដែលជាមនុស្សម្នាក់ធ្លាប់បដិសេធការចាក់វ៉ាក់សាំងបង្ការ បានអះអាងថាលោកផ្ទាល់ទើប តែបានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 ដូសជំរុញ ហើយបានទទួលស្គាល់ផងដែរថាវ៉ាក់សាំងអាចការពារជីវិតមនុស្សពីជំងឺដ៏កាចសាហាវមួយនេះបាន៕