(វ៉ាស៊ីនតោន)៖ អ្នកជំនាញផ្នែកសុខាភិបាលអាមេរិក បាននិយាយថាវិធានការទប់ស្កាត់ការឆ្លងរាលដាលមេរោគបំប្លែងថ្មី Omicron របស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ក្នុងនោះរួមមានទាំងការចែកចាយឧបករណ៍ធ្វើតេស្ដ គឺជារឿងមួយគួរឱ្យស្វាគមន៍ ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់ និងហាក់ដូចជាយឺតពេលបន្តិចទៅហើយ ក្នុងការទប់ស្កាត់ការកើនឡើងករណីឆ្លងដែលបង្កឡើងមេរោគបំប្លែងថ្មីមួយនេះ ខណៈបុណ្យណូអែល និងបុណ្យចូលឆ្នាំថ្មី កាន់តែខិតជិតចូលមកដល់។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៤ ខែធ្នូ ឆ្នាំ២០២១។

ការលើកឡើងបែបនេះរបស់លោកស្រី Anne Rimoin នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក ចូ បៃដិន បានប្រកាសពីផែនការ ចែកចាយឧបករណ៍ធ្វើតេស្ដរក COVID-19 នៅតាមផ្ទះចំនួន ៥០០លានគ្រឿងដល់ប្រជាជនអាមេរិក។ លោកស្រី បន្ថែមថាផែនការនេះគួរតែទទួលបានការស្វាគមន៍ ដែលលោក បៃដិន ផ្ដោតសំខាន់លើការធ្វើតេស្ដ។ តែទោះជាបែបនេះក្ដី លោកស្រី Anne Rimoin យល់ថាវាហាក់ដូចជាយឺតពេលបន្តិច និងមិនទាន់គ្រប់គ្រាន់ឡើយ បើធៀបទៅនឹងការកើនឡើងករណីឆ្លងប្រចាំថ្ងៃ នាពេលបច្ចុប្បន្ន ដ្បិតឧបរកណ៍ធ្វើតេស្ដនៅតាមផ្ទះដែលសេតវិមានសន្យានឹងផ្ដល់ឱ្យ វាសមាមាត្រនឹងចំនួនមួយគ្រឿង ឬ២គ្រឿងប៉ុណ្ណោះក្នុងមនុស្សម្នាក់។

គួរបញ្ជាក់ថា ក្រៅពីសន្យាចែកចាយឧបករណ៍ធ្វើតេស្ដរកមេរោគ COVID-19, លោក ចូ បៃដិន ក៏បានបញ្ជូនពេទ្យយោធា និងគិលានុបដ្ឋាកជាង ១,០០០នាក់ ឱ្យទៅជួយ មន្ទីរពេទ្យជាច្រើន ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគនេះផងដែរ៕