(វែលីងតោន)៖ ប្រទេសនូវែលសេឡង់នៅថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ២០២១នេះ បានពន្យារពេលផែនការ បើកព្រំដែនជាដំណាក់កាលរបស់ខ្លួន រហូតដល់ចុងខែកុម្ភៈ ឆ្នាំ២០២២ ជុំវិញការព្រួយបារម្ភ នៃការឆ្លងរីករាលដាលនៃវីរុស COVID-19 បំប្លែងថ្មី Omicron។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រទេសនូវែលសេឡង់ ទើបតែចាប់ផ្តើមបន្ធូរបន្ថយ វិធានការរឹតត្បិតដ៏តឹងរឹងបំផុតមួយចំនួន ដោយវិធានការរឹតត្បិតព្រំដែនអន្តរជាតិរបស់ខ្លួន នឹងត្រូវបន្ធូរបន្ថយជាដំណាក់កាលចាប់ពីខែមករា ហើយភ្ញៀវទេសចរបរទេសទាំងអស់ នឹងត្រូវអនុញ្ញាតឱ្យចូលមកកាន់ប្រទេសរបស់ខ្លួនចាប់ពីខែមេសា។

រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការឆ្លើយតបជំងឺ COVID-19 នៃប្រទេសនូវែលសេឡង់ លោក គ្រីស ហ៉ីបឃីនស៍ (Chris Hipkins) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងវែលីងតោន (Wellington) ថា «ការធ្វើដំណើរដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ដែលនឹងបើកសម្រាប់ជនជាតិនូវែលសេឡង់ នៅក្នុងប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ខាងមុខនេះ នឹងត្រូវពន្យាពេលរហូតដល់ចុងខែកុម្ភៈ»

លោក Chris Hipkins បានបន្ថែមថា វិធានការទាំងនេះ គឺជាការប្រុងប្រយ័ត្នទុកជាមុន ព្រោះវានៅតែមិនច្បាស់ថា តើវីរុស COVID-19 បំប្លែងថ្មី Omicron អាចធ្វើឱ្យមនុស្សធ្លាក់ខ្លួនឈឺកម្រិតណា ហើយផលប៉ះពាល់របស់វា លើប្រព័ន្ធសុខាភិបាល មានឥទ្ធិពលដល់កម្រិតណានោះទេ។

ទន្ទឹមនឹងនេះ រយៈពេលនៃការធ្វើចត្តាឡីស័ក នឹងកើនឡើងពីរយៈពេល ០១សប្តាហ៍ទៅ ១០ថ្ងៃ។ តម្រូវការធ្វើតេស្តមុនពេលធ្វើដំណើរ ដើម្បីចូលមកកនា់ប្រទេសនូវែលសេឡង់ ក៏នឹងកាត់បន្ថយពី ៧២ម៉ោងទៅ ៤៨ម៉ោងមុនពេលធ្វើដំណើរផងដែរ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសនូវែលសេឡង់ បានកត់ត្រានូវករណីឆ្លងវីរុស COVID-19 បំប្លែងថ្មី Omicron សរុបនៅទូទាំងប្រទេសចំនួន ២២ករណីហើយ សុទ្ធតែជាករណីនាំចូល ប៉ុន្តែករណីទាំងអស់នេះ ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីគេនៅតាមព្រំដែន ហើយមិនទាន់មានករណីឆ្លងសហគមន៍ ត្រូវបានកត់ត្រានៅឡើយទេ៕