(ម៉ូស្គូ)៖ រុស្ស៉ីនៅថ្ងៃចន្ទនេះបាននិយាយថា ខ្លួនត្រូវការជាបន្ទាន់នូវការឆ្លើយតបពីសហរដ្ឋអាមេរិក ជុំវិញសំណើផ្តល់ការធានាសន្តិសុខ ហើយទីក្រុងម៉ូស្គូបានព្រមានជាថ្មីម្តងទៀតថា នឹងប្រើចំណាត់ការផ្នែកយោធា លុះត្រាតែខ្លួនមើលឃើញមានសកម្មភាពនយោបាយ ដែលជួយបន្ធូរបន្ថយក្តីបារម្ភះអំពីបញ្ហាសន្តិសុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ២០២១។

បន្ទាប់ពីបានធ្វើឲ្យបណ្តាប្រទេសលោកខាងលិច នៅមិនសុខជាខ្លាំងដោយសារការប្រមូលផ្តុំកម្លាំងទ័ព នៅក្បែរព្រំប្រទល់របស់អ៊ុយក្រែន រុស្ស៉ីកាលពីសប្តាហ៍កន្លងទៅ បានបញ្ចេញសំណើស្តីពីការធានាសន្តិសុខដែលខ្លួនចង់ចរចា ក្នុងនោះរួមមានទាំងការសន្យាថា NATO នឹងបោះបង់ចោលរាល់សកម្មភាពយោធាទាំងអស់ នៅតំបន់អឺរ៉ុបខាងកើត ហើយនិងនៅអ៊ុយក្រែន។

ទីក្រុងវ៉ាស៉ីនតោនបាននិយាយថា ចំណុចមួយចំនួននៅក្នុងសំណើរបស់រុស្ស៉ី គឺជាក់ស្តែងមិនអាចទទួលយកបាន ប៉ុន្តែបានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងធ្វើការឆ្លើយតប ក្នុងសប្តាហ៍នេះជាមួយព័ត៌មានច្បាស់លាស់ជាងមុន ស្តីពីទម្រង់នៃកិច្ចចរចាដែលអាចធ្វើឡើង។

អនុរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ រីយ៉ាបកូវ (Sergei Ryabkov) បានលើកឡើងថា ទីក្រុងម៉ូស្គូមកទល់ពេលនេះ ពុំទាន់ទទួលបានការឆ្លើយតប ពីសហរដ្ឋអាមេរិកនៅឡើយទេ។ លោក Ryabkov គិតថា អាមេរិកប្រហែលជាកំពុងព្យាយាមប្រែក្លាយបញ្ហានេះ ឲ្យទៅជាដំណើរការដែលទៅមុខដោយសន្សឹមៗ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា ទីក្រុងម៉ូស្គូត្រូវការឲ្យវាជារឿងបន្ទាន់ ដោយសារតែស្ថានការណ៍មានភាពយ៉ាប់យ៉ឺនខ្លាំង ហើយអាចកាន់តែស្មុគស្មាញថែមទៀត។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកនិងអ៊ុយក្រែន បានចោទប្រកាន់រុស្ស៉ីពីការត្រៀមខ្លួន ចូលឈ្លានពានលើអ៊ុយក្រែន ខណៈរុស្ស៉ីបានបដិសេធចំពោះការចោទប្រកាន់នេះ ហើយឆ្លើយតបវិញថា គឺដោយសារតែការកើនឡើងនៃទំនាក់ទំនងរបស់អ៊ុយក្រែន ជាមួយអង្គការ NATO ទើបធ្វើឲ្យការប្រឈមមុខគ្នាមានភាពតានតឹងខ្លាំងបែបនេះ។ ទីក្រុងម៉ូស្គូ បានប្រដូចភាពតានតឹងបច្ចុប្បន្ន ទៅនឹងវិបត្តិមីស៉ីលគុយបាឆ្នាំ១៩៦២ នៅពេលដែលពិភពលោកស្ថិតនៅមាត់ជ្រោះនៃសង្រ្គាមនុយក្លេអ៊ែរ៕