(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៤៣,៥៣០នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៦២៣នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៥២,០៥៩,៦៦៧ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៨២៨,៨៣៦នាក់ និងជាសះស្បើយឡើងសរុបជាង ៤០.៧២លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

លោក Anthony Fauci បានព្រមានថា «អូមីក្រុង» កំពុងរីករាតត្បាតពាសពេញពិភពលោកហើយ ដោយសូម្បីតែអ្នកដែលបានចាក់វ៉ាក់សាំងបង្ការរួច ក៏អាចប្រឈមមុខនឹងការឆ្លង វីរុសបំប្លែងថ្មីនេះបានដែរ។ អ្នកជំនាញកំពូលផ្នែកជំងឺរូបនេះ បានសង្កត់ធ្ងន់ទៀតថា ចាប់តាំងពីដើមខែធ្នូនេះ ចំនួនករណីឆ្លង COVID-19 នៅសហរដ្ឋអាមេរិកបានកើនឡើង ៥០% ឯណោះ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៤៩៥លានដូស ក្នុងនោះប្រជាជន ២៤១.៥៧លាននាក់ (៧៣.៣% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស, ២០២.៣៦លាននាក់ (៦១.៤% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ៦០.០៥លាននាក់ (១៨.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់ដូសជំរុញ៕