(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បានចេញសារព្រមានមួយ នៅថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅទីក្រុងហ្សឺណែវ) ថា វីរុស COVID-19 បំប្លែងថ្មី Omicron ពិតជាអាចចម្លងពីមនុស្សម្នាក់ទៅមនុស្សទៀត បានយ៉ាងលឿនរហ័សជាងវីរុស Delta ហើយសម្រាប់អ្នកដែលបានទទួលការចាក់ វ៉ាក់សាំងបង្ការពេញលេញ ឬអ្នកដែលធ្លាប់កើតជំងឺ COVID-19 រួចទៅហើយនោះ ក៏អាចប្រឈមនឹងការឆ្លងវីរុសបំប្លែងថ្មីនេះដូចគ្នា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ២០២១។

លោកស្រី សោមយ៉ា ស្វាមីណាថាន់ (Soumya Swaminathan) ប្រធានក្រុមអ្នកវិទ្យាសាស្ត្រនៃ WHO បានលើកឡើងចំពោះមុខក្រុមអ្នកសារព័ត៌មាន នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសថា «ឥឡូវនេះ យើងមានភស្តុតាងជាក់លាក់ដែលបង្ហាញថា វីរុសបំប្លែងថ្មី Omicron អាចចម្លងបានយ៉ាងឆាប់រហ័ស ជាងវីរុសបំប្លែងខ្លួន Delta ទៅទៀត...។ ជាមួយនឹងចំនួនករណីឆ្លងកើនឡើង ប្រព័ន្ធសុខាភិបាលទាំងអស់ ក៏កំពុងធ្លាក់ទៅក្នុងភាពតានតឹងផងដែរ...»

លោកស្រី Soumya Swaminathan បានណែនាំទៀតថា ការចាក់វ៉ាក់សាំងបង្ការ COVID-19 ដូសជំរុញទូទាំងពិភពលោក គួរតែផ្តោតសំខាន់ទៅលើក្រុមមនុស្ស ដែលមានប្រព័ន្ធភាពសុំាទន់ខ្សោយ ព្រោះក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ មានភស្តុតាងគ្រប់គ្រាន់ដែលអាចបញ្ជាក់ថា «វីរុសបំប្លែងថ្មី (Omicron) នេះ អាចទម្លុះប្រព័ន្ធភាពសុំាមួយចំនួនបាន»

បន្ថែមពីខាងលើនេះ អគ្គនាយក WHO លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) ក៏បានលើកឡើងក្នុងឱកាសនោះដែរថា «ឥឡូវនេះ យើងមានភស្តុតាងជាក់លាក់បង្ហាញថា Omicron កំពុងរីករាលដាលលឿនជាង Delta... ហើយមនុស្សដែលបានចាក់វ៉ាក់សាំង ឬជាសះស្បើយពី COVID-19 ក៏អាចឆ្លង ឬលាប់ជំងឺឡើងវិញផងដែរ»

គួរបញ្ជាក់ថា ក្រៅពីបណ្តាប្រទេសនៅតំបន់អាហ្វ្រិកខាងត្បូង ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកត្រូវបានគេមើលឃើញថា កំពុងរងគ្រោះកាន់តែធ្ងន់ធ្ងរ ដោយសារតែការរាតត្បាតនៃ Omicron។ មិនខុសពីអ្វីដែល WHO បានណែនាំពេលនេះឡើយ ដោយក្រុមអ្នកជំនាញផ្នែកសុខាភិបាលនៅអាមេរិក និងអង់គ្លេសកន្លងមកនេះ ក៏បានជំរុញឲ្យប្រជាជនទាំងអស់ ដែលគ្រប់លក្ខខណ្ឌក្នុងការចាក់ «វ៉ាក់សាំងដូសជំរុញ» ប្រញាប់រួសរាន់ទៅទទួលការចាក់ ដើម្បីទប់ទល់នឹងមេរោគបំប្លែងថ្មីចំពោះមុខរដូវរងា និងការជួបជុំដ៏កកកុញ នៅថ្ងៃឈប់សម្រាកឆ្លងឆ្នាំ៕