(ស្វីស)៖ វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានប្រកាសនៅថ្ងៃចន្ទ ទី២០ ខែធ្នូនេះថា កិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួននៅទីក្រុងដាវ៉ូស ប្រទេសស្វីស ត្រូវបានពន្យារពេលដោយសារភាពមិនប្រាកដប្រជានៅចំពោះមុខការផ្ទុះឡើងនៃវីរុសបំប្លែងខ្លួនថ្មី Omicron។ នេះបើយោងតាមការចេញផ្សាយដោយ ដោយសារព័ត៌មាន CNN។

វេទិកាសេដ្ឋកិច្ចពិភពលោក(WEF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «កិច្ចប្រជុំប្រចាំឆ្នាំ ដែលត្រូវបានគេគ្រោងនឹងធ្វើឡើងនៅទីក្រុងដាវ៉ូស ប្រទេសស្វីស ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ត្រូវបានពន្យាពេល។ ឥឡូវនេះកិច្ចប្រជុំនេះគ្រោងនឹងធ្វើឡើងនៅដើមរដូវក្តៅឆ្នាំក្រោយ»

វេទិកាសេដ្ឋកិច្ចពិភពលោក(WEF) បានបន្ថែមថា «លក្ខខណ្ឌជំងឺរាតត្បាតបច្ចុប្បន្នធ្វើឱ្យមានការលំបាកយ៉ាងខ្លាំងក្នុងការរៀបចំការប្រជុំដោយផ្ទាល់ជាសកល។ ទោះបីជាពិធីសារសុខភាពដ៏តឹងរ៉ឹងរបស់កិច្ចប្រជុំត្រូវបានរៀបចំឡើងក៏ដោយ លទ្ធភាពនៃការឆ្លង Omicron និងផលប៉ះពាល់របស់វាទៅលើការធ្វើដំណើរ និងការចល័តបានធ្វើឱ្យមានការពន្យារពេលចាំបាច់»

គួរបញ្ជាក់ថា ទើបតែពេលថ្មីៗនេះ មន្ត្រី WEF បានបង្ហាញទំនុកចិត្តថា ពួកគេអាចធ្វើជាម្ចាស់ផ្ទះនៃសន្និសីទនេះ ពីព្រោះប្រទេសស្វីសបើកចំហសម្រាប់ការធ្វើដំណើរអន្តរជាតិ ហើយនឹងផ្តល់ការតេស្តជាប្រចាំ។

ប៉ុន្តែការលេចឡើងនៃ Omicron ដែលរីករាលដាលយ៉ាងឆាប់រហ័ស បានធ្វើអាជ្ញាធរស្វីសសម្រេចចាត់វិធានការរឹតបន្តឹងដើម្បីទប់ស្កាត់ការឆ្លង និងការពារប្រព័ន្ធថែទាំសុខភាព៕