(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃចន្ទនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន១៤,៩៧៧ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១។

ក្នុងចំណោមករណីឆ្លងខាងលើមាន ១១ករណីជាករណីនាំចូល ក្រៅពីនេះជាករណីឆ្លងក្នុងស្រុកទាំងអស់។ រដ្ឋធានីហាណូយដែលបច្ចុប្បន្នកំពុងប្រែក្លាយជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីថ្ងៃនេះចំនួន១,៦១២ករណី ខណៈហូជីមិញបានរាយការណ៍ ចំនួន ៦៨៧ករណីដោយមានការធ្លាក់ចុះច្រើន។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Bến Tre ៩៨៥ករណី, ខេត្ត Cà Mau ចំនួន៩៦៧ករណី និងខេត្ត Tây Ninh ចំនួន ៩៤៧ករណី។

ក្នុងរបាយការណ៍ថ្ងៃចន្ទនេះដែរ ក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ ចំនួន២២៥នាក់បន្ថែមទៀតផងដែរ។

សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១,៥៥៥,៤៥៥នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១,១០៩,៨៩៩នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ២៩,៧៩១នាក់៕