(អ៉ីស្លាម៉ាបាដ)៖ បណ្ដាប្រទេសមានអ្នកកាន់សាសនាអ៉ីស្លាមភាគច្រើន បានសន្យាថានឹងបង្កើតមូលនិធិមនុស្សធម៌មួយសម្រាប់ប្រទេសអាហ្វហ្កានីស្ថាន ជាទីដែលប្រជាជនរាប់លាននាក់ កំពុងប្រឈមមុខនឹងគ្រោះទុរភិក្ស និងផលលំបាកធ្ងន់ធ្ងរនៅអំឡុងរដូវរងានេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២០ ខែធ្នូ ឆ្នាំ២០២១។

ការប្រកាសពីការបង្កើតមូលនិធិមនុស្សធម៌ខាងលើ ធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក សាស់ ម៉ាស់មូត គូរ៉េស៊ី (Shah Mahmood Qureshi) នៅឯកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស មកពីបណ្ដាប្រទេសជាសមាជិកអង្គការកិច្ចសហប្រតិបត្តិការអ៉ីស្លាម (OIC ) រៀបចំឡើងក្នុងទីក្រុងអ៉ីស្លាម៉ាបាដ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។

បើតាមលោករដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន មូលនិធិមនុស្សធម៌នេះនឹងត្រូវបង្កើតឡើងដោយមានការឧបត្ថម្ភគាំទ្រពីធនាគារអភិវឌ្ឍន៍អ៉ីស្លាម តែមិនបានបញ្ជាក់ពី ចំនួនទឹកប្រាក់នោះទេ ខណៈកិច្ចប្រជុំនេះក៏មិនបានទទួលស្គាល់រដ្ឋាភិបាលអាហ្វហ្កានីស្ថារបស់តាលីបង់នោះដែរ ចំពោះការព្រមានថាស្ថានភាពមនុស្សធម៌ នៅអាហ្វហ្កានីស្ថាននឹងកាន់តែអាក្រក់ឡើង ប្រសិនជាជំនួយមនុស្សធម៌ ឬជំនួយបន្ទាន់នានាមិនត្រូវបានដោះស្រាយទេនោះ។

គួរបញ្ជាក់ថា វិបត្តិមនុស្សធម៌នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន បានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីការដួលរលំទាំងស្រុងនៃប្រទេសមួយនេះដែលកំពុងស្ថិត នៅក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់។ តែទោះជាបែបនេះក្ដី, ការឆ្លើយតបរបស់សហគមន៍អន្តរជាតិនៅតែមានភាពយឺតយ៉ាវ ជាពិសេសគឺការស្ទាក់ស្ទើរ របស់លោកខាងលិចក្នុងការទទួលស្គាល់រដ្ឋាភិបាលតាលីបង់ ដែលបានឡើងកាន់អំណាចជាថ្មីកាលពីខែសីហា កន្លងទៅនេះ៕