(អឺរ៉ុប)៖ ប្រទេសហូឡង់បានសម្រេចបិទខ្ទប់ (lockdown) កាលពីថ្ងៃអាទិត្យ ទី១៩ ខែធ្នូ ខណៈបណ្តាប្រទេសអឺរ៉ុបផ្សេងៗទៀត បាននិងកំពុងមើលឃើញ ការកើនឡើងជាលំដាប់នៃចំនួនករណីឆ្លងវីរុស COVID-19 បំប្លែងថ្មី អូមីក្រុង (Omicron) នៅចំពោះមុខបុណ្យគ្រិស្មាក់ និងឆ្លងឆ្នាំសកលដែលជិតនឹងមកដល់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃចន្ទ ទី២០ ខែធ្នូ ឆ្នាំ២០២១។

នៅក្នុងថ្ងៃដដែល ងាកទៅកាន់សហរដ្ឋអាមេរិកឯណោះវិញ វេជ្ជបណ្ឌិត អាន់ថូនី ហ្វាវស៊ី (Anthony Fauci) បានជំរុញឲ្យប្រជាជនទាំងអស់ ទៅទទួលការចាក់វ៉ាក់សាំងដូសជំរុញសិន មុននឹងធ្វើដំណើរទៅជួបជុំជាមួយមនុស្សជាទីស្រឡាញ់ ហើយក៏ត្រូវពាក់ម៉ាសជានិច្ចផងដែរ នៅពេលស្ថិតក្នុងទីសាធារណៈ ដែលមានមនុស្សម្នាជួបជុំកកកុញ។

លោក Anthony Fauci បានព្រមានថា អូមីក្រុងកំពុងរីករាតត្បាត ពាសពេញពិភពលោកហើយ ដោយសូម្បីតែអ្នកដែលបានចាក់វ៉ាក់សាំងបង្ការរួច ក៏អាចប្រឈមមុខនឹងការឆ្លង វីរុសបំប្លែងថ្មីនេះបានដែរ។ អ្នកជំនាញកំពូលផ្នែកជំងឺរូបនេះ បានសង្កត់ធ្ងន់ទៀតថា ចាប់តាំងពីដើមខែធ្នូនេះ ចំនួនករណីឆ្លង COVID-19 នៅសហរដ្ឋអាមេរិកបានកើនឡើង ៥០% ឯណោះ។

គួរបញ្ជាក់ថា ទោះបីជាស្ថានការណ៍ត្រូវបានគេមើលឃើញថា នឹងកាន់តែធ្លាក់ដុនដាបក្តី ក៏ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន កាលពីសប្តាហ៍មុននេះ ធ្លាប់បានអះអាងម្តងរួចហើយថា នឹងមិនមានការបិទខ្ទប់ ឬរឹតត្បិតធ្ងន់ធ្ងរទៀតនោះឡើយ។ ងាកទៅកាន់តំបន់អឺរ៉ុបវិញ ការបិទខ្ទប់ប្រទេសហូឡង់ ក៏កំពុងបង្កឲ្យសមាជិកផ្សេងទៀតក្នុងប្លុកនេះ មានការព្រួយបារម្ភផងដែរ ខណៈផែនការរៀបចំបុណ្យគ្រិស្មាក់ ត្រូវធ្លាក់ចូលក្នុងភាពច្របូកច្របល់ដោយសារអូមីក្រុង៕