(ប៊ែរឡាំង)៖ ក្រុមមន្ត្រីទីប្រឹក្សានៃរដ្ឋាភិបាលអាល្លឺម៉ង់ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ បានលើកឡើងពីតម្រូវការបន្ទាន់នៃការដាក់ចេញវិធានការថ្មីៗ នៅក្នុងប្រទេស ដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃករណីឆ្លង COVID-19 ដែលបង្កឡើងដោយវីរុសបំប្លែងថ្មី Omicron។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២០ ខែធ្នូ ឆ្នាំ២០២១។

ក្រុមអ្នកជំនាញ បានព្រមាននៅក្នុងរបាយការណ៍មួយស្ដីពីការកើនឡើងនៃហានិភ័យថា «ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ» ដូចជាមន្ទីរពេទ្យ, សន្តិសុខ, សេវាសុខភាព និងឧបករណ៍ប្រើប្រាស់ជាមូលដ្ឋាន អាចនឹងត្រូវបានរំខាន ប្រសិនបើជំហានបន្ថែមទៀត មិនត្រូវបានចាត់វិធានការ។

របាយការណ៍ដែលចេញដោយក្រុមប្រឹក្សារដ្ឋាភិបាលដែលមានសមាជិក ១៩នាក់បានបញ្ជាក់ថា «ប្រសិនបើការឆ្លងរីករាលដាលនៃវីរុសបំប្លែងថ្មី Omicron នៅក្នុងប្រទេសអាល្លឺម៉ង់នៅតែបន្តកើនឡើង នោះប្រជាជន នឹងធ្លាក់ខ្លួនឈឺ ឬនឹងចូលទៅក្នុងកន្លែងធ្វើចត្តាឡីស័កក្នុងពេលដំណាលគ្នា»។ របាយការណ៍នេះ ដដែលមិនបានបញ្ជាក់ពីការធ្វើចត្តាឡីស័កថ្មីណាមួយនោះទេ ប៉ុន្តែបានជំរុញឱ្យប្រជាជន កាត់បន្ថយការប្រមូលផ្ដុំ ឬជួបជុំនៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីការពារ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ប្រទេសអាល្លឺម៉ង់ ខណៈ «យន្តការត្រួតពិនិត្យត្រូវតែមានក្នុងរយៈពេលខ្លី» ហើយដែលសមត្ថភាពនៃការធ្វើតេស្ត និងការផ្គត់ផ្គង់គ្រប់គ្រាន់ត្រូវតែត្រូវធានាឱ្យបាន។

គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសអាល្លឺម៉ង់ បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសជាង ៦.៨១លានករណី ក្នុងនោះមានអ្នកស្លាប់ជាង ១០៨,៩០០នាក់ និងអ្នកជាសះស្បើយជាង ៥.៧២លាននាក់ ខណៈប្រហែល ៧០ភាគរយ នៃ ចំនួន ប្រជាជន សរុបនៅប្រទេសនេះ បានទទួលការចាក់វ៉ាក់សាំងពេញលេញរួចរាល់ហើយ៕