(គូឡាឡាំពួរ)៖ មនុស្សច្រើនជាង ៣០,០០០នាក់ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេទៅរកកន្លែងមានសុវត្ថិភាព នៅក្នុងប្រទេសម៉ាឡេស៊ី ដែល កំពុងរងគ្រោះដោយសារទឹកជំនន់ដ៏អាក្រក់បំផុតមួយ នានារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នេះបើតាមការដកស្រង់ផ្សាយពីសារព័ត៌មាន The Guardian នៅថ្ងៃចន្ទ ទី២០ ខែធ្នូ ឆ្នាំ២០២១។

ប្រទេសម៉ាឡេស៊ី តែងតែរងគ្រោះដោយសារព្យុះភ្លៀងមូសុង នៅរៀងរាល់ចុងឆ្នាំ ហើយជារឿយៗ ទឹកជំនន់ក៏បង្កបង្ខំឱ្យមានការជម្លៀសមនុស្សទ្រង់ទ្រាយធំ ផងដែរ។ អាកាសធាតុអាក្រក់ បូករួមទាំងភ្លៀងធ្លាក់ខ្លាំង ចាប់តាំងពីថ្ងៃសុក្រសប្ដាហ៍មុនមក បានធ្វើឱ្យទឹកទន្លេកើនឡើងបង្កជាទឹកជំនន់ជន់លិចទីប្រជុំ, កាត់ផ្ដាច់ ផ្លូវថ្នល់ជាច្រើន និងបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។

គួរបញ្ជាក់ថា មនុស្សច្រើនជាង ៣០,០០០នាក់ ត្រូវបានជម្លៀសទៅកាន់ជំរំស្នាក់នៅបណ្ដោះអាសន្នរៀបចំឡើងដោយរដ្ឋ នៅទូទាំងរដ្ឋទាំង៨ និងដែនដីរបស់ ម៉ាឡេស៊ី ហើយក្នុងនោះមានច្រើនជាង ១៤,០០០នាក់ នៅក្នុងរដ្ឋ Pahang និងជិត ១០,០០០នាក់ នៅក្នុងរដ្ឋ Selangor។ រដ្ឋាភិបាលម៉ាឡេស៊ី បានបញ្ចេញ ជំនួយសង្រ្គោះ និងបានបញ្ជាឱ្យក្រុមមន្ត្រីរបស់ខ្លួនបង្កើនកិច្ចខិតខំប្រឹងប្រែងជួយផ្ដល់ជំនួយឱ្យកាន់តែលឿនតាមដែលអាចធ្វើទៅបាន៕