(ម៉ានីល)៖ ចំនួនមនុស្សស្លាប់បង្កឡើងដោយព្យុះទីហ្វុង រ៉ៃ (Rai) ដែលត្រូវបានចាត់ទុកថាជាព្យុះទីហ្វុងដ៏កំណាចបំផុត ដែលបានបោកបក់មកលើទឹកដី ប្រទេសហ្វីលីពីនក្នុងឆ្នាំ២០២១នេះ បានកើនឡើងដល់ ២០៨នាក់ហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នាព្រឹកថ្ងៃចន្ទ ទី២០ ខែធ្នូ ឆ្នាំ២០២១។

បន្ថែមពីលើចំនួនមនុស្សស្លាប់ មនុស្ស ២៣៩នាក់ផ្សេងទៀតបានទទួលរងរបួស និង ៥២នាក់បាត់ខ្លួន។ ព្យុះទីហ្វុង Rai បានបោកបក់ទៅលើប្រជុំកោះភាគកណ្តាល និងភាគខាងត្បូងប្រទេសហ្វីលីពីន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុននេះ ហើយបើយោងតាមចំនួនមនុស្សស្លាប់ទាំង ២០៨នាក់នោះ វាគឺជាព្យុះដែលបានបង្កឲ្យមនុស្សបាត់បង់ជីវិត ច្រើនជាងគេបំផុតហើយនៅក្នុងឆ្នាំ២០២១នេះ។

ព្យុះទីហ្វុង Raiក៏បានបង្កឲ្យមនុស្សជាង ៣០០,០០០នាក់រត់ភៀសខ្លួន ចេញពីលំនៅឋានផងដែរ។ បើពិនិត្យមើលទៅលើស្ថានភាពជាក់ស្តែង នៃតំបន់ដែលត្រូវបានព្យុះបោកបក់រួច បានធ្វើឲ្យប្រជាជនហ្វីលីពីននឹកឃើញដល់ ព្យុះទីហ្វុងកំណាច ហៃយ៉ាន (Haiyan) ដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ កាលពីឆ្នាំ២០១៣ ដែលបានបង្កឲ្យប្រជាជនហ្វីលីពីនជាង ៧,៣០០នាក់ស្លាប់ និងបាត់ខ្លួន។

គួរបញ្ជាក់ថា ផ្ទះជាច្រើនខ្នងត្រូវបានបំផ្លិចបំផ្លាញ, ដើមឈើនានាត្រូវដកមកទាំងឬស និងបង្គោលភ្លើងបានដួលរលំគងលើផ្លូវថ្នល់ ស្របពេលដែលតំបន់ខ្លះត្រូវបានទឹកជន់លិច ដោយសារតែឥទ្ធិពលរបស់ Rai។ តំបន់ដែលបានរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយសារតែព្យុះទីហ្វុង Rai នោះគឺកោះ បូហុល (Bohol) ដែលជាតំបន់ទេសចរឆ្នេរសមុទ្រដ៏ស្រស់ស្អាត ដោយនៅលើកោះនោះតែឯង គេបានរកឃើញមនុស្សស្លាប់រហូតដល់ ៧៤នាក់ទៅហើយ៕