(ទ្រីប៉ូលី)៖ ប្រទេសលីប៊ី នឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីជាលើកដំបូងបំផុតរបស់ខ្លួន នៅសប្ដាហ៍ក្រោយនេះ ប៉ុន្តែបញ្ហាបញ្ជីឈ្មោះបេក្ខជន និងការបែកបាក់នយោបាយយ៉ាងជ្រៅ កំពុងបង្កការសង្ស័យថាតើការបោះឆ្នោតនេះអាចនឹងប្រព្រឹត្តទៅតាមការគ្រោងទុកដែរ ឬក៏យ៉ាងណា។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៤ ខែធ្នូ ឆ្នាំ២០២១។

ការបោះឆ្នោតខាងលើ គឺជាផ្នែកមួយនៃដំណើរការស្វែងរកសន្តិភាពរបស់អង្គការសហប្រជាជាតិសម្រាប់លីប៊ី ដែលបានជាប់ផុងខ្លួនក្នុងភ្លើងសង្រ្គាមចាប់តាំងពី អតីតមេដឹកនាំលីប៊ី លោក កាដាហ្វី ត្រូវបានធ្វើរដ្ឋប្រហារទម្លាក់ពីអំណាច និងសម្លាប់ នៅក្នុងចលនាបះបោរគាំទ្រដោយលោកខាងលិច កាលពីឆ្នាំ២០១១មក។

តែទោះជាមានក្ដីសង្ឃឹមសម្រាប់សន្តិភាពក៏ដោយ ក៏ក្រុមមន្ត្រី UN និងក្រុមអ្នកជំនាញជាច្រើននៅតែមានការព្រួយបារម្ភដដែលថាការបោះឆ្នោតប្រធានាធិបតីអាចនឹង ធ្វើឱ្យសង្រ្គាមស៊ីវិលសព្វថ្ងៃកាន់តែមានសភាពធ្ងន់ធ្ងរឡើង។

គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីលីប៊ី គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ៕